ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខដឹកនាំណាតូព្រមានថាអ៊ុយក្រែននឹងដួលរលំក្នុងពេលខាងមុខ

ចែករំលែក៖

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឱ្យដឹងថា ដើម្បីបញ្ចៀសពីការដួលរលំ ទីក្រុងកៀវចាំបាច់ត្រូវតែតស៊ូធ្វើសង្គ្រាមជាមួយរុស្ស៊ី។
អ៊ុយក្រែនកំពុងតែត្រៀមលក្ខណៈឈានដួលក្នុងរដូវរងាដ៏លំបាក ។ លោក Jens Stoltenberg បានលើកឡើងថា អ៊ុយក្រែនត្រូវតែបន្តធ្វើសង្គ្រាមជាមួយរុស្ស៊ីទៀត បើមិនដូច្នោះទេ អ៊ុយក្រែននឹងត្រូវដួលរលំបាត់បង់ជាប្រទេសឯករាជ្យ។
លោក Jens Stoltenberg បាននិយាយទៅកាន់សារព័ត៌មាន AP បន្ទាប់ពីកិច្ចប្រជុំដឹកនាំដោយអាមេរិក នៅទីក្រុង Ramstein ប្រទេសអាល្លឺម៉ង់ ថា «ប្រសិនបើលោកពូទីន និងរុស្ស៊ីបញ្ឈប់សង្គ្រាម យើងនឹងទទួលបានសន្តិភាព ។ ផ្ទុយទៅវិញបើអ៊ុយក្រែនផ្អាកសង្គ្រាមនោះ ប្រទេសនេះនឹងត្រូវបាត់បង់អធិបតេយ្យភាព លែងជាប្រទេសឯករាជ្យទៀតហើយ។
អគ្គលេខាធិការណាតូលោក Stoltenberg មិនបានបញ្ជាក់ពីពេលវេលានៃការបញ្ចប់សង្គ្រាមនោះឡើយ ។ ប៉ុន្តែលោកបញ្ជាក់ថាសង្គ្រាមអាចនឹងបញ្ចប់ក្នុងពេលណាមួយដែលប្រទេសទាំងពីរបានអង្គុយពិភាក្សាគ្នា។
លោក Stoltenberg បានចោទប្រកាន់ថា គោលដៅចុងក្រោយរបស់រុស្ស៊ីគឺដណ្តើមគ្រប់គ្រងអ៊ុយក្រែនទាំងស្រុង ។ លោកបន្តទៀតថា យើងចាំបាច់ត្រូវតែត្រៀមលក្ខណៈសម្រាប់រដូវរងា ហើយលោកខាងលិចចាំបាច់ត្រូវតែផ្តល់ជំនួយមានសម្លៀកបំពាក់ សម្រាប់ទាហានក្នុងអាកាសធាតុត្រជាក់ ម៉ាស៊ីនភ្លើង និងសម្ភារចាំបាច់មួយចំនួនទៀត៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ REUTERS​


ចែករំលែក៖