ខេត្តបន្ទាយមានជ័យ ៖ កូនប្រុសជនរងគ្រោះ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ឱ្យដឹងថា, មកទល់ពេលនេះជាង ៣ខែ ហើយ ដែលករណីលក់ដីម្ចាស់កម្មសិទ្ធរបស់ឪពុកខ្លួន (លោកតា ឈយ ឈីន) ដែលមានទីតាំងខាងកើតសាលាខេត្តបន្ទាយមានជ័យ បានតម្លៃជាង ១ លានដុល្លារ កាលណោះយើងធ្លាប់ បានជម្រាបថា ក្រុមគ្រួសាររបស់គាត់ (លោកតា ឈយ ឈីន ) មិនព្រមចំពោះករណីឆបោកនេះទេ ទើបមាន ការដាក់ពាក្យបណ្តឹងជំទាស់ទៅកាន់មន្ទីរសូរិយោដីខេត្តបន្ទាយមានជ័យ ចំពោះការរត់ការកាត់ឈ្មោះពី លោកតា ឈយ ឈីន ទៅម្ចាស់ថ្មី ហើយក៏មានការដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តបន្ទាយមានជ័យ និងទៅស្ថាប័ន យុត្តិធម៌មួយចំនួនទៀត ដែលទទួលពាក្យបណ្តឹងផងដែរ។
លោកបន្តថា, ខ្លឹមសារនៃការដាក់ពាក្យបណ្តឹង គឺលុបចោលការលក់ដូរដីទីតាំងនេះដោយហេតុថា តាំងពីឆ្នាំ ២០១៧ មុនពេលនិងក្នុងអំឡុងពេលចុះកិច្ចសន្យាលក់ទិញដីគឺឈ្មោះ ឈយ ឈីន មានជម្ងឺចាស់វង្វេង ស្មារតី មានភាពវង្វេងវង្វាន់សតិ មិនអាចបង្ហាញឆន្ទៈពិតប្រាកដក្នុងការចុះកិច្ចសន្យាតាមផ្លូវច្បាប់បានឡើយ ព្រោះគាត់មិនដែលមានបំណងលក់ដីនោះទេ កាលពីគាត់នៅមិនទាន់មានភាពវង្វេងវង្វាន់សតិស្មារតី។
ក្រុមគ្រួសាររបស់លោកតា ឈ ឈីន ពុំបានដឹងអំពីការចុះកិច្ចសន្យាទិញលក់ដី ឬការប្រគល់ ទទួលប្រាក់កក់ ឬប្រាក់ថ្លៃលក់ទិញដីនេះឡើយ ហើយក្រុមគ្រួសាររបស់លោកតា ឈយ ឈីន មិនទទួល ខុសត្រូវលើការខូចខាត ឬខាតបង់ណាមួយជាមួយភាគីអ្នកទិញ ដែលកើតឡើងអំពីទំនាក់ទំនងចុះកិច្ច សន្យាលក់ទិញដីខាងលើនេះឡើយ។
រហូតមកដល់ថ្ងៃទី ២៤ សីហា ២០២២ ដីការរក្សាការពារចាត់ចែងជាបណ្តោះអាសន្ន ចុះលេខ ១២៤ ពសរក(ឋ) ២២ ចេញដោយចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចហាមឃាត់មិនឲ្យ ភាគីអ្នកទិញ (សហកូនបំណុល) មិនឲ្យធ្វើសកម្មភាពផ្ទេរកម្មសិទ្ធ លក់ ដូរ ជួល បញ្ចាំ ធ្វើអំណោយ ធ្វើ អាជីវកម្ម ធ្វើមរតក ធ្វើអច្ច័យទាន សាងសង់សំណង់គ្រប់ប្រភេទ និងហាមធ្វើការផ្សេងៗជាបណ្តោះអាសន្ន លើប័ណ្ណសម្គាល់កម្មសិទ្ធដីប្លង់នេះ ដោយសំអាងហេតុដូចតទៅ ម្ចាស់កម្មសិទ្ធដី លោកតា ឈយ ឈីន អាយុ ៨១ឆ្នាំ មានអាការៈរោគវិនិច្ឆ័យជំងឺចាស់វង្វេង ដោយមានវិញ្ញាបនបត្រជម្ងឺ ចុះលេខ ១០០៧៧៦៤ ម មសខ ថ្ងៃទី ១២ កក្កដា ២០២២ ដោយអង្គភាពជម្ងឺសសៃប្រសាទពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។
ហើយនៅថ្ងៃទី ១៤ កក្កដា ២០២២ ផងដែរ រដ្ឋបាលសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណក៏បានចេញ លិខិតបញ្ជាក់ជូនលោកតា ឈយ ឈីន ចុះលេខ៨៩០ សអប់ ថាគាត់ជាមនុស្សចាស់វង្វេងធ្ងន់ធ្ងរ និងមាន បញ្ហាផ្លូវអារម្មណ៍ជាប្រចាំប្រាកដមែន ។
ហើយនៅថ្ងៃទី ១៨ កក្កដា ២០២២ ក៏មានប្រជាជនចំនួនរយនាក់ ដែលជាអ្នកភូមិជាមួយលោកតា ជាសាច់ញាតិ ជាអ្នកស្គាល់លោកតា និងជាសមាជិកពួកជំនុំបានធ្វើញត្តិ ព្រមទាំងផ្តិតមេដៃបញ្ជាក់អំពីអាការ: របស់លោកតា ឈយ ឈីន ផងដែរ។ ហើយស្របនិងភស្តុតាងការប្រកាសស្វែងរកលោកឳពុក គឺលោកតា ឈយ ឈឹន នេះក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់កូនចៅលោកតា ក្នុងកំឡុងពេលចូលឆ្នាំខ្មែរ ១២ មេ សា ២០១៧ ដែលបានវង្វេងបាត់ពីផ្ទះជាច្រើនថ្ងៃ ហើយមានភស្តុតាងស្វែងរកជាបន្តបន្ទាប់ទៀតជា ច្រើនលើកច្រើនសារ ក្នុងបណ្តាញសង្គមហ្វេសប៊ុក។
តមកទៀតនៅថ្ងៃទី ៣០ សីហា ២០២២ ដីការអនុវត្តរក្សាការពារ ចុះលេខ១៣៣ ពសអវ (ឋ)២២ ដែលចេញដោយក្រឡាបញ្ជីសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបង្គាប់បញ្ជាឲ្យប្រធានមន្ទីរសូរិ យោដីចុះបញ្ជីហាមឃាត់ការចាត់ចែងដីជាបណ្តោះអាសន្ន ដោយដីប្លង់នេះមានទំនាស់ រងចាំការស៊ើបអង្កេត ការតតាំងគ្នានៅតុលាការ និងរងចាំសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ។
តើបុគ្គលដែលបានឃុបឃិតគ្នាជាប្រព័ន្ធក្នុងការលួងលោមលោកតាចំណាស់ដែលមានអាការៈវង្វេង រង្វាន់ហើយឲ្យលក់ដីកម្មសិទ្ធស្របច្បាប់របស់គាត់ដោយយកលុយទាំងអស់ ដោយម្ចាស់ដីមិនបានចំណែក សូម្បីបន្តិច អាចរួចពីសំណាញ់ច្បាប់ដែរឬទេ? តើបុគ្គលដែលនៅពីក្រោយលាក់មុខការលក់ដូរនេះ ដែល ប្រមូលយកលុយដ៏ច្រើនសន្ធឹកសន្ធាប់ អាចនឹងចេញមុខមកតតាំងជាមួយមេធាវីគ្រួសារលោកតា ឈយ ឈី ន នៅតុលាការសាលាដំបូងខេត្ត បន្ទាយមានជ័យឬទេ? តើបច្ចេកទេសជំនាញរបស់ចៅក្រម និងសមត្ថភាព របស់មេធាវីគ្រួសារលោកតា ឈយ ឈិន អាចលាតត្រដាងការពិត វែកមុខជនខិលខូច រកយុត្តិធម៌ជូនជនរង គ្រោះក្នុងករណីយនេះបានក្នុងកំរិតណា? សូមលោកអ្នកបងប្អូនតាមដាន នៅវគ្គបន្ត .. ៕
ដោយ ៖ សុខ ខេមរា