ព័ត៌មានទាន់ហេតុការណ៍៖

លោក វេង សាខុន បានអញ្ជើញរៀបចំប្រារព្វពិធីបុណ្យបញ្ចុះបឋមសិលាសាងសង់ព្រះវិហារ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងបរិវេណវត្តគង់វង្សរង្សី (វត្តកោះកុក) ស្ថិតក្នុងភូមិកោះកុក ឃុំកោះទន្ទឹម ស្រុកកំពង់សៀម បានរៀបចំប្រារព្វពិធីបុណ្យបញ្ចុះបឋមសិលាសាងសង់ព្រះវិហារ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពសម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ និងជាព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និង លោក វេង សាខុន ប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមជាមួយលោកស្រី ម៉ក់ ស៊ីថា។ ក្នុងពិធីដ៏អធិអធមនេះ ក៏មានការអញ្ជើញចូល រួមពីសំណាក់លោក លុន លឹមថៃ សមាជិករដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម លោកអនុប្រធានក្រុមការងារចុះស្រុកកំពង់សៀម លោក លោក  ប៉ាន ដានី អភិបាលរងខេត្ត លោកសមាជិករដ្ឋសភា ព្រឹទ្ធសភាព លោកប្រធាន-អនុប្រធាន និងសមាជិកក្រុមការងារចុះឃុំកោះទន្ទឹម លោកឧកញ៉ា លោកជំទាវជាសប្បុរសជន លោកប្រធាន អនុប្រធាន សមាជិក-សមាជិកា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោកប្រធានក្រុមហ៊ុនស៊ីភីកម្ពុជា ក្រុមហ៊ុនបេតាហ្គ្រោ ក្រុមហ៊ុន De Heus THM បងប្អូនម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក លោកអភិបាលស្រុក សមាជិកក្រុម ប្រឹក្សាស្រុក ចៅអធិការ ព្រះសង្ឃ យាយជី តាជី និងពុទ្ធិបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទសរុប ១ ៦០០នាក់។ 

ស្ថិតក្នុងបរិយាកាសដ៏អធិអធមតាមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ពុទ្ធិបរិស័ទបានអញ្ជើញមកពីទីជិតឆ្ងាយ មូលមីចូលរួមយ៉ាងច្រើនកុះករប្រកបដោយទឹកចិត្តជ្រះថ្លាសប្បាយរីករាយ។ ទិដ្ឋភាពនេះបានបង្ហាញពីភាពសុខដុមរមនានៃសង្គមជាតិខ្មែរ ស្ថិតក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាបិតាស្ថាបនិកសន្តិភាព និងជានាយករដ្ឋមន្រ្តី។ ឆ្លៀតយកឱកាសនេះ លោកប្រធានក្រុមការងារមានមតិសំណេះសំណាលជាមួយអង្គពិធី ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនពុទ្ធិបរិស័ទទាំងអស់ ដែលមានវត្តមាននៅទីនេះ និងបងប្អូននៅទូទាំងខេត្តកំពង់ចាម ជាពិសេសសម្តេចបានអរគុណនិងវាយតម្លៃខ្ពស់លើតម្លៃនៃការចិញ្ចឹមចិត្តគាំទ្រ ថែរក្សា និងការពារគណបក្សប្រជាជនកម្ពុជារបស់បងប្អូនស្រុកកំពង់ សៀម និងឃុំកោះទន្ទឹម តាមរយ:លទ្ធផលនៃការបោះឆ្នោតកាលពីឆ្នាំ២០២១ ហើយសម្តេចទាំងទ្វេបានជូនពរឲ្យពុទ្ធិបរិស័ទជួបតែពុទ្ធិពរទាំង ៤ប្រការ។ តាងនាមឲ្យក្រុមការងាររាជរដ្ឋា ភិបាល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានខិតខំតស៊ូលះបង់គ្រប់បែបយ៉ាងក្នុងការកសាងប្រទេសជាតិឲ្យមានសុខសន្តិភាព និងអភិវឌ្ឍប្រទេសឲ្យសម្បូរសប្បាយ សុខដុមរមនាគ្រប់ៗក្រុមគ្រួសារ មានពិធីដែលកំពុងប្រារព្វជាភស្តុតាងជាក់ស្តែង។ 

ឆ្លៀតយកឱកាសនេះ លោកបាននាំយកព័ត៌មានសំខាន់ៗមកជម្រាបជូនអង្គពិធី ទាក់ទងការអភិវឌ្ឍសង្គមជាតិបន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩ មានលក្ខណល្អប្រសើរ សកម្មភាពសំខាន់ៗ របស់រាជរដ្ឋាភិបាល ជាពិសេសរបស់សម្តេចតេជោក្នុងនាមប្រធានអាស៊ាន។ ផែនការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគម ពិសេសផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុនឹងបើកឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខ ព្រមទាំងវិស័យកសិកម្មជារួម និងដោយឡែកការនាំចេញកសិផល ជាក់ស្តែងថ្មីៗនេះរដ្ឋាភិបាលចិនបានអនុញ្ញាតឲ្យកម្ពុជានាំមៀន (តាង៉ែន) ចូលទីផ្សារចិន។ ដោយឡែកផលិតកម្មជ្រូក កម្ពុជាមានលទ្ធភាពចិញ្ចឹមជ្រូកសាច់បានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក ហើយកំពុងពិនិត្យ ពិចារណាលើនិតិវិធីដើម្បីនាំ ចេញទៅកាន់ទីផ្សារចិននាពេលអនាគតដ៏ខ្លី។ 

សម្រាប់ពិធីនេះ លោកប្រធានបានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូន ចំពោះ លោក លោកស្រី សមាជិករដ្ឋសភា ព្រឹទ្ធសភា លោកឧកញ៉ាលោកប្រធាន និងសមាជិកក្រុមការងារចុះឃុំ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្រុមហ៊ុន និងសប្បុរសជន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងពុទ្ធិបរិស័ទដែលមានសធាជ្រះថ្លាចូលរួមបរិច្ចាកថវិកា និងសម្ភារសាងសង់ (ខ្សាច់ ថ្ម ដែក និងឥដ្ឋ) សរុបថវិកា ៧៩ ៧០០ដុល្លារ (មិនរួមតម្លៃសម្ភារសំណង់)។ ដោយឡែក តាមរយ:ឯកឧត្តមប្រធានក្រុមការងារចុះស្រុកកំពង់សៀម ឯកឧត្តមប្រធានក្រុម ការងារចុះឃុំកោះទន្ទឹមបានជួយឧបត្ថម្ភអំពូលសូឡាចំនួន ២២៨អំពូល សម្រាប់ដាក់បំភ្លឺនៅតាមដងផ្លូវទូទាំងឃុំ។ លោកបានថ្លែងអំណរគុណ និងបានបញ្ជាក់ថានេះជាសិល្ប:នៃការ ចែករំលែកក្នុងស្មារតីទទួលខុសត្រូវរួមគ្នាអភិវឌ្ឍវិស័យពុទ្ធចក្រ។ លោកបានជូនពរលោក លោកស្រី លោកឧកញ៉ា សមាជិកក្រុមការងារចុះឃុំ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្រុមហ៊ុន សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋជួបតែសេចក្តីសុខ ចម្រើន សុភមង្គល និងទទួលយកពុទ្ធិពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖