ខេត្តព្រះសីហនុ៖ ជនដៃដល់ម្នាក់ បានប្រេីកាំបិតបុ័ងតោធ្វើសកម្មភាពកាប់ទៅលេីបុរសម្នាក់ត្រូវចំ.កដៃ បណ្ដាលឱ្យដាច់ រួមបានរត់គេចខ្លួនបាត់រយៈពេល៥ថ្ងៃក្រោយ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលទើបទទួលបាននៅព្រឹកថ្ងសៅរទី១០ ខែកញ្ញា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ករណីឃាត់ខ្លួនជនដៃដល់ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោងប្រហែល១២និង៤០នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញាម្សិលមិញនេះ នៅចំណុចក្រោយវត្តទ្រនំច្រឹង ភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ វង្ស វាស្នា ហៅ ចូ ភេទ ប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើត ភូមិត្រាំពែរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ និងស្នាក់នៅបណ្តោះអាសន្ន រោងកម្មករ ការដ្ឋានសំណង់ជិតវត្តលើ ក្រុម១៥ ភូមិ ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ ចំណែកជនរងគ្រោះឈ្មោះ ជឿន ជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ បច្ចុប្បន្ន ជនរងគ្រោះ កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ។
របាយការណ៍ដដែល បានបន្ថែមទៀតថា មុនពេលកេីតហេតុកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទីល្ងាច មានករណីអំពើហិង្សាមានស្ថានទម្ងន់ទោស (យកកាំបិតតាំងតោកាប់ជនរងគ្រោះបណ្តាលអោយដាច់កដៃឆ្វេង) រងរបួសធ្ងន់ ស្ថិតនៅចំណុចរោងកម្មករ ជិតវត្តលើ ក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យបានរួចរត់គេចខ្លួនបាត់ ។
ក្រោយពីកើតហេតុ ដោយមានដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវ តាមជំនាញ ដោយសហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល រហូតដល់វេលាម៉ោង ១២ និង៤០នាទីរសៀលថ្ងៃទី០៩ ខែកញ្ញាម្សិលមិញនេះ សមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនបានជនដៃដល់ឈ្មោះ វង្ស វាស្នា ហៅ ចូ នៅចំណុចក្រោយវត្តទ្រនំច្រឹង ភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញតែម្តង។
បច្ចុប្បន្នជនដៃដល់ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖សហការី