ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ រយៈពេល២ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានជួបសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត

ចែករំលែក៖

ភ្នំពេញ ៖ រយៈពេល២ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានជួបសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី និង សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សរុបប្រមាណ ៦.០០០ នាក់។ នេះជាការថ្លែង របស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។ 

លោកបន្តថា, ការជួបជុំនេះ ពិតជាបានសបញ្ជាក់យ៉ាងច្បាស់ពីសមិទ្ធផលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឱ្យសមាជិក សមាជិកា យើង បានមកជុំគ្នាដោយផ្ទាល់ក្នុងទ្រង់ទ្រាយធំបែបនេះ។ ម៉្យាងទៀតនោះ ភាពជោគជ័យនេះ ក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែករបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគ្រប់ៗរូបដែលវត្តមាននៅក្នុងពិធីនេះ និងនៅតាមមូលដ្ឋាន ដែលបានឈរជួរមុខក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ក្នុងបេសកកម្ម និងសកម្មភាពបម្រើប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគ្រប់ៗរូបពិតជា បានលះបង់ពេលវេលាក្នុងបុព្វហេតុសង្គមជាតិ ជាមួយនឹងស្មារតីមនុស្សធម៌ដែលកើតចេញពីទឹកចិត្តនៃការស្រលាញ់ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងតាមរយៈផ្តល់សេវាសុខមាលភាពឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងការចូលរួមក្នុងយុទ្ធនាការប្រឆាំងកូវីដ-១៩ និងការចាក់វ៉ាក់សាំងផងដែរ។

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, ពីមួយថ្ងៃទៅមួយថ្ងៃ មហាគ្រួសារទាំង២ បានរីកធំធាត់ជាបន្តបន្ទាប់ ដោយបានប្រមូលផ្តុំយុវជន យុវនារីដែលមានឆន្ទៈមោះមុត មានការប្តេជ្ញាចិត្ត និងលះបង់ខ្ពស់ ចូលរួមជួយសង្គមជាតិជាមួយចំណេះជំនាញដែលខ្លួនមាន។ ឈរលើស្មារតី ជឿជាក់លើប្រទេសជាតិខ្លួននេះហើយ ដែលបានធ្វើឱ្យបេសកកម្មរបស់សហភាពសហព័ន្ធយុវជន និយាយជារួម និងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និយាយដោយឡែក តែងទទួលបានការគាំទ្រ ស្រលាញ់រាប់អាន និងការទទួលស្គាល់ពីស្រទាប់មហាជនគ្រប់មជ្ឈដ្ឋាន។ យើងស្វាគមន៍ជានិច្ចបងប្អូនយុវជនកម្ពុជាក្នុងការចូលរួមដំណើរជាមួយគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិ និងដើម្បីអនាគតកម្ពុជារុងរឿង ៕

ដោយ ៖ សិលា


ចែករំលែក៖