ស្តេច Charles III នឹងត្រូវប្រឈមនូវវិបត្តិនៅក្នុងប្រទេសចំណុះអង់គ្លេស ក្រោយពេលនាយករដ្ឋមន្ត្រីនៃប្រទេស Barbuda និង Antigua ប្រកាសពីគម្រោងបោះឆ្នោតប្រជាមតិបញ្ចប់របបរាជានិយម ចំណុះស្តេចអង់គ្លេស ។
សារព័ត៌មាន Newsweek បានផ្សាយថា ស្តេច Charles III អាចត្រូវប្រឈមនឹងបញ្ហាវិបត្តិក្នុងប្រទេសចំណុះស្តេចអង់គ្លេសក្រោយពេលនាយករដ្ឋមន្ត្រី Gaston Browne នៃប្រទេស Antigua បានប្រកាសថានឹងរៀបចំបោះឆ្នោតប្រជាមតិក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដើម្បីផ្លាស់ប្តូរប្រទេសទៅជាសាធារណរដ្ឋ បញ្ចប់របបរាជានិយម។
នាយករដ្ឋមន្ត្រី Gaston Browne បានចុះហត្ថលេខាទទួលស្គាល់ស្តេចថ្មីCharles III ក្រោយពេលព្រះមាតា គឺព្រះមហាក្សត្រិយានី Elizabeth II យាងចូលព្រះពិរាល័យក្នុងព្រះជន្ម៩៦ព្រះវស្សា។
ប្រទេសកោះក្នុងតំបន់សមុទ្រ Caribe គឺជាប្រទេសមួយក្នុងចំណោម១៤ប្រទេសជាចំណុះ ស្តេចអង់គ្លេស ក្នុងនោះមានប្រទេស Belize, Canada, Grenada, Antigua និង Barbuda, Australia, Papua New Guinea, Saint Lucia, Tuvalu, ប្រជុំកោះ Solomon, Grenadines, Bahamas, New Zealand, Jamaica, Saint Kitts និង Nevis។
ជាមួយគ្នានេះដែរនាយករដ្ឋមន្ត្រីនៃប្រទេស ចាមៃ៉កា លោក Andrew Holness ក៏បានប្រកាសផងដែរថា ប្រទេសរបស់លោកមានបំណងចង់បញ្ចប់របបរាជានិយម ប្រែក្លាយទៅជាប្រទេសសាធារណរដ្ឋវិញ៕ ដោយ៖ ធីរីណា
រូបថត៖ Getty Images
រូបថត៖EPA-EFE
រូបថត៖ Reuters