ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ពី លិខិតរំលែកទុក្ខរបស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្ញើជូនឯកឧត្តម ចេមស៍ ខ្លេវើលី រដ្ឋមន្ត្រីការបរទេស កំមិនវែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ចំពោះការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រីយ៍អេលីហ្សាបេតទី២ នៃចក្រភពអង់គ្លេស។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បាន ថ្លែងថា, ខ្ញុំពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង ចំពោះការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រីយ៍ អេលីហ្សា បេតទី២ នៃចក្រភពអង់គ្លេស ក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា នៅព្រះរាជដំណាក់បលម៉ូរ៉ល (Balmoral) ប្រទេសស្កុតឡែន។
ក្នុងពេលដ៏សោកសង្រេងនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយឯកឧត្តម ផ្ទាល់ និង ជាមួយព្រះរាជាវង្សានុវង្ស ព្រមទាំងប្រជាជនអង់គ្លេស ចំពោះការបាត់បង់នូវព្រះមហាក្សត្រីយ៍ អេលីហ្សាបែតទី២ ដ៏គួរអោយគោរពបំផុតនេះ។
សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ ៕
ដោយ ៖ សិលា