ភ្នំពេញ ៖ បុរសម្នាក់បានបើកឡំប្រឺតាក្នុងល្បឿនលឿន ហើយជ្រុលទៅបុករថយន្តកាមរីបាឡែនមួយគ្រឿងចំពីចំហៀងយ៉ាងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយានយន្តទាំងសងខាង តែសំណាងល្អគ្មានអ្នករបួស ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២ នៅត្រង់ចំណុចភ្លើងស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ កែងនឹងផ្លូវលេខ១៩៨៦ ស្ថិតក្នុងសង្លាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនឹងកូនតូចចំនួនពីរនាក់ទៀតបើករថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL-2533 ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃទៅផ្លូវលេខ១៩៨៦ ក៏ស្រាប់តែមានបុរសម្នាក់បើកឡំប្រឺតាមួយគ្រឿង ពណ៌ស គ្មានស្លាកលេខធ្វើដំណើរបញ្ជ្រាសទិសដៅគ្នាពីត្បូងទៅជើង ក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តកាមរីបាឡែនពីចំហៀងខាងស្តាំត្រង់ចំណុចកង់ខាងមុខពេញទំហឹងបណ្ដាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ តែសំណាងល្អដែរមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយកើតហេតុ ភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាងមួយម៉ោងទើបបានព្រមព្រៀងគ្នា ដោយភាគីខាងឡំប្រឺតាបានចេញសំណងទៅឱ្យភាគីរថយន្តចំនួន៧០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ ៖ ភារ៉ា ដង្កោ