ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះឈើ១ខ្នងអស់ទាំងស្រុង និងផ្ទះថ្ម១ល្វែងនៅជាប់គ្នាខូចខាតស្ទើរពាក់កណ្ដាល នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះឈើ១ខ្នងអស់ទាំងស្រុង និងផ្ទះថ្ម១ល្វែងទៀតដែលនៅជាប់គ្នារងការខូចខាតស្ទើរពាក់កណ្ដាល បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីបង្ការ ពន្លត់អគ្គិភ័យចុះមកធ្វើអន្តរាគមន៍ នាវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុងលេខ៥៣ ក្នុងភូមិត្នោតជ្រំុ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅយប់កើតហេតុគេឃើញមានផ្សែងហុយទ្រលោមលាយឡំនឹងអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះរងគ្រោះដែលធ្វើអំពីឈើខាងលើថ្មក្រោម រួចក៏មានការស្រែកឆោឡោផ្អើលដល់ម្ចាស់ផ្ទះប្រមូលសម្ភារមានតម្លៃចេញមកខាងក្រៅ និងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីសុំការអន្តរាគមន៍បាញ់ទឹកពន្លត់ ។ 

បន្ទាប់ពីទទួលបានព័ត៌មាននៃករណីអគ្គិភ័យខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការ ពន្លត់អគ្គិភ័យចេញរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង ដោយប្រើទឹកអស់ចំនួន៦ឡាននិងប្រើពេលវេលាប្រមាណ១ម៉ោងទើបធ្វើឱ្យភ្លើងរលត់ទៅវិញជាស្ថាពរ ។

ក្នុងករណីអគ្គិភ័យនេះ តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ផ្ទះរងគ្រោះខាងលើគឺឧស្សាហ៍ទុស្សេខ្សែភ្លើងណាស់ ហើយនៅយប់កើតហេតុនេះក៏កើតចេញពីការទុស្សេខ្សែភ្លើងដែរ ទើបបណ្ដាលឲ្យមានការឆាបឆេះផ្ទះសង់ពីឈើខាងលើថ្មខាងក្រោមចំនួន១ខ្នងទាំងស្រុង និងផ្ទះថ្ម១ល្វែងទៀតដែលនៅជាប់គ្នាក៏រងការខូចខាតស្ទើរតែពាក់កណ្ដាលដែរ តែក្នុងហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖