ភ្នំពេញ៖ បើទោះជាស្ថិតនៅក្នុងបរិបទជំងឺ covid 19 កំពុងញាំញីពិភពលោកក៏ដោយក៏សកម្មភាពនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជាមានការកើនឡើងគួរឲ្យកត់ សម្គាល់។ ការនាំទំនិញចេញនិងការនាំចូលមានការកើនឡើងទៅតាមទិដ្ឋភាពជាក់ស្ដែង ក្នុងនោះរយៈពេល ៨ខែកន្លងមកនេះការនាំចេញរបស់កម្ពុជាមានការកើន ឡើង១៨ភាគរយរីឯកានាំចូលក៏មានការកើនឡើង ២៦ ភាគរយផងដែរ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១។
គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មនាំចេញទំទិញរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណជាង ១៥ ៦៥១ លានដុល្លារ កើនឡើងជាង ២៦ភាគរយ ខណៈការនាំចូលមានទំហំជាង ២១ ៧៦៤ លានដុល្លារ កើនឡើងជាង ១៨ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២១។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញទូរលេខការធ្វើពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះបើគិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២២ ការចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ១៥ ៦៥១ លានដុល្លារអាមេរិក កើនឡើងជាង ២៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ។ ចំណែកទីផ្សារកម្ពុជានាំចេញ ក្នុងនោះការនាំចេញទៅសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ៦ ៤២១ លានដុល្លារ កើនឡើង ៣៧%, វៀតណាម ជាង ១ ៤៦៩ លានដុល្លារ កើនឡើង ជិត ៤%, ជប៉ុន ជាង ៧៨៩ លានដុល្លារ កើនជាង ១០%, អាល្លឺម៉ង់ ជាង ៧៤៧ លានដុល្លារ កើនឡើងជាង ២៩%, អង់គ្លេស ជាង ៦២៧ កើនឡើងជាង ៤២% បើធៀបទៅនឹងឆ្នាំ ២០២១ ក្រៅពីនេះកម្ពុជាក៏បាននាំចេញទៅកាន់ប្រទេសជាច្រើនទៀត ដោយបន្តកំណើនល្អប្រសើរផងដែរ។
ដោយឡែកចំពោះការនាំចូលវិញ, នៅក្នុងរយៈពេល ៨ ខែនេះដែរ កម្ពុជាបាននាំចូលគិតជាទឹកប្រាក់មានទំហំប្រមាណជាង ២១ ៧៦៤ លានដុល្លារអាមេរិក កើនឡើងជាង ១៨% បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២១។ ចំណែកទីផ្សារដែលនាំចូលសំខាន់ៗ៖ ការនាំចូលពីប្រទេសចិន មានទំហំទឹកប្រាក់ជាង ៧ ១៩៣ លានដុល្លារ កើនឡើងជាង ២០%, ថៃ ជាង ២ ៦១៣ លានដុល្លារ, កើនឡើងជាង ២៨%, វៀតណាម ជាង ២ ៧៧៤ លានដុល្លារ កើនជិត ៣៦%, ស្វីស ជាង ១ ៣៣៩ កើនឡើងជិត ២០០% បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ ២០២១, ក្រៅពីនេះក៏មានប្រទេសជាច្រើនទៀត បាននាំចូលផលិតផលរបស់ខ្លួនចូលទីផ្សារកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិ, នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក មានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះកម្ពុជាភាគច្រើនបាននាំចេញមុខទំនិញទៅកាន់សហរដ្ឋអាមេរិកដូចជា៖ ផលិតផលវាយនភណ្ឌកាត់ដេរសំលៀកបំពាក់, ស្បែកជើង កាបូបសម្រាប់ធ្វើដំណើរ, គ្រឿងបង្គុំបន្ទះសឡា និងផលិតផលកសិកម្មជាដើម ខណៈការនាំចូលពីសហរដ្ឋអាមេរិកមានដូចជា៖ គ្រឿងចក្រ, រថយន្ត, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខារពេទ្យជាដើម៕
ដោយ៖ សូរិយា