ខេត្តកោះកុង៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកបូទុមសាគរ លោកមេឃុំថ្មស ជួបប្រជុំជាមួយប្រតិភូដែលដឹកនាំដោយលោកស្រី ពោធិតី សាវត្ថី ប្រធានប្រតិភូគណៈបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពាក់ព័ន្ធករណីវិវាទដីធ្លីទំហំប្រមាណ ១៣ហិកតា ស្ថិតនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញាម្សិលមិញនេះ រវាងលោកស្រីម៉ៅ ណារី និងលោកស្រី លឹម មួយងីម ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។
ក្នុងកិច្ចប្រជុំនេះលោកស្រី ពោធិតី សាវត្ថី បានស្នើឱ្យរដ្ឋបាលខេត្តជួយបំភ្លឺបញ្ហាពាក់ព័ន្ធករណីខាងលើ និងជួយជំរុញការដោះស្រាយជូនប្រជាពលរដ្ឋនៅសេសសល់។ បន្ទាប់មកលោក សុខ សុទ្ធី អភិបាលរងេខត្ត បានសារបានសាវតាខ្លះៗ នៃទីតាំងដីវិវាទខាងលើ ដីនេះជាដីឧទ្យានជាតិបូទុមសាគរ ក្រោយមករាជរដ្ឋាភិបាលបានចេញអនុក្រឹត្យអនុបយោគទំហំ ១៦៨,៨ហិកតា ឱ្យទៅក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបសាងសង់រោងចក្រធ្យួងថ្ម ៧០០មេហ្កាវ៉ាត់ តាមរយៈច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។
១-ដើម្បីដោះស្រាយផលប៉ះពាល់ផ្សេងៗក្នុងតំបន់នោះគឺបានបង្កើតគណៈកម្មការអន្តរក្រសួងមួយដែលមានសមាសភាព ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរខេត្ត ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ។
២-ការសិក្សាផលប៉ះពាល់លើទីតាំងដីជាក់ស្តែងដោយក្រុមហ៊ុន ឯករាជ្យ សិក្សាផ្ទះ ដីនិងដើមឈើហូបផ្លែ។ល។
៣-សិក្សាតម្លៃដីបានលទ្ធផលប្រជុំសម្រេចលើកសំណើរសូមការសម្រេចពីរាជរដ្ឋាភិបាល ដើម្បីដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋមានក្បាលដីពាក់ព័ន្ធ។
ក្រោយពីទទួលបានគោលការណ៍តម្លៃគណៈកម្មការអន្តរក្រសួងដែលមានក្រសួងបរិស្ថានជាប្រធាន បានសហការជាមួយក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន បានចុះដោះស្រាយជាថវិកាដែលជាសែកជូនប្រជាពលរដ្ឋព្រមទទួលយក នៅសល់តែ ០២គ្រួសារ (ម្តាយ និងកូន)ប៉ុណ្ណោះមិនព្រមទទួលយករហូតមកដល់សព្វថ្ងៃនេះ។
បន្ទាប់ពីបានស្តាប់ការបំភ្លឺជូនដោយលោក សុខ សុទ្ធី អភិបាលរងខេត្តរួចមក លោកស្រីប្រធានប្រតិភូបានយល់ជ្រោតជ្រាបពាក់ព័ន្ធករណីខាងលេី ហេីយលោកស្រី នឹងទៅសម្របសម្រួលជាមួយលោកស្រី ម៉ៅ ណារី និងលោកស្រី លឹម មួយងីម។ ចុងបញ្ចប់ លោកជំទាវបានកោតសរសើរ និងអរគុណរដ្ឋបាលខេត្ត ដែលបានសហការល្អ ជាមួយប្រតិភូរបស់លោកស្រី៕
ដោយ៖សហការី