ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប។ 

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងជួសមុខឱ្យប្រជាជនកម្ពុជាទាំងអស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍គាំទ្រ និងជឿជាក់លើគោលការណ៍គ្រឹះនានា ដែលមានចែងក្នុងធម្មនុញ្ញរបស់អាស៊ាន ជាពិសេសការឯកភាពជាឯកច្ឆន្ទ និងមជ្ឈភាពអាស៊ាន គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់យន្តការនានា ដែលដឹកនាំដោយអាស៊ានក្នុងគោលដៅរក្សាសន្តិភាព ស្ថិរភាព  សន្តិសុខ និងការអភិវឌ្ឍ នៅក្នុងតំបន់ និងពិភពលោក។ កម្ពុជាបន្តគាំទ្រការធ្វើសមាហរណកម្មក្នុងអាស៊ានបន្ថែមទៀត និងធ្វើសមាហរណកម្មជាមួយប្រទេសជាដៃគូសេដ្ឋកិច្ចតំបន់ និងសកលលោក តាមរយៈ កិច្ចសហការ និងការចូលរួមវិភាគទានជាមួយបណ្តារដ្ឋជាសមាជិកអាស៊ានទាំង ៩ ទៀត ក្នុងការកសាងសហគមន៍អាស៊ាន ជាពិសេសសហគមន៍សេដ្ឋកិច្ចអាស៊ាន ស្របតាមផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥ និងការពង្រឹងកិច្ចសន្ទនាជាមួយដៃគូខាងក្រៅ ។ 

សម្ដេចតេជោបានមានប្រសាសន៍រៀបថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ជាមួយមូលបទ “អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» បានផ្ដោតអាទិភាពលើការធានាឱ្យបាននូវប្រសិទ្ធភាពរបស់អាស៊ាន ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យទាំងនេះ ជាពិសេសពន្លឿនការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ ។ ក្នុងស្មារតីនេះ កម្ពុជាបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៤ នៅក្រោម សសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖ ១)ការពង្រឹងការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ២)ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រជែង របស់អាស៊ាន ៣)ការជំរុញសមាហរណកម្ម បរិយាប័ន្ន ភាពធន់ និងភាពប្រកួតប្រជែង អាស៊ានឱ្យខ្លាំងជាងមុន និង ៤)អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ ។ 

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅដោយឈរលើគោលការណ៍សមភាព និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក តាមរយៈ ការទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ អាស៊ាន និងអាស៊ានបូក១ ដែលមានស្រាប់ ដោយការដំឡើងកម្រិតបន្ថែម ជាពិសេសការ

អនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០២២ កន្លងទៅនេះ ទាក់ទងនឹងការទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង អាសិប  ប្រទេសជាសមាជិកគួរខិតខំអនុវត្តនូវការសន្យានានា ហើយបន្តចរចាបើកច្រកទីផ្សារ សំដៅទាក់ទាញការចូលរួមពីបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចធំៗដទៃទៀត ក្នុងកិច្ចព្រម ព្រៀងនេះ ក្នុងន័យនេះ កិច្ចព្រមព្រៀងអាសិប ត្រូវតែមានលេខាធិការដ្ឋានរបស់ខ្លួនមួយ ដែលឯករាជ្យ និងម្ចាស់ការ ហើយដើរតួនាទីសំខាន់ក្នុងការងារសម្របសម្រួល ជំរុញ និង ត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនេះ ។ កម្ពុជានៅតែមានចំណាប់អារម្មណ៍ និងផ្តល់គ្រប់ លទ្ធភាព និងសម្បទានក្នុងការទទួលយកលេខាធិការដ្ឋាននេះ ។ 

បញ្ហាសំខាន់មួយទៀត ដែលអាស៊ានត្រូវគិតគូបន្ថែមទៀត គឺការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងនិន្នាការថ្មីៗនៅក្នុងនិម្មាបនកម្មពាណិជ្ជកម្មសកល ។ ពិតណាស់ថា បញ្ហាថ្មីៗ រួមមាន វិបត្តិប្រេងឡើងថ្លៃ អត្រាអតិផរណាខ្ពស់ បរិស្ថាន បម្រែបម្រួលអាកាស ធាតុជំងឺឆ្លងរាតត្បាត ជាដើម កំពុងជំរុញឱ្យមាននិន្នាការឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មក្នុង គន្លងថ្មីក្នុងតំបន់ និងក្នុងពិភពលោក ក៏ប៉ុន្តែមិនមានន័យថាបញ្ហាទាំងនេះ នឹងតម្រូវឱ្យបណ្តា ប្រទេសនៅក្នុងពិភពលោកប្រើប្រាស់ជាឧបករណ៍គាំពារនិយម បង្កើតជារបាំងពាណិជ្ជកម្ម និងបន្ទច់បង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក ឬខិតខំកសាងច្បាប់ និង កិច្ចព្រមព្រៀងអន្តរជាតិ ដែលបម្រើឱ្យតែប្រទេសខ្លួន ឬក្រុមប្រទេសមួយក្តាប់តូច ដែលជា បក្សពួកខ្លួននោះឡើយ។ក្នុងន័យនេះអាស៊ានគួររួមគ្នាជាធ្លុងមួយ ដើម្បីសម្របសម្រួល និងជំរុញឱ្យមានការរៀបចំក្របខ័ណ្ឌជាសកលសម្រាប់ពាណិជ្ជកម្មអន្ដរជាតិ ដែលបម្រើឱ្យ ផលប្រយោជន៍គ្រប់ប្រទេសទាំងអស់ ប្រកបដោយតម្លាភាព និងគ្មានការរើសអើង ។ 

 តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះសមាជិកអាស៊ានទាំងអស់ ព្រមទាំងលេខាធិការដ្ឋានអាស៊ាន ដែលបានបន្តផ្ដល់ការគាំទ្រយ៉ាងពេញលេញដល់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ នេះ។ សម្ដេចតេជោក៏បានជូនពរឲ្យដំណើរការនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធដំណើរការដោយរលូន និងទទួលបាននូវភាពជោគជ័យ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖