ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ចាមចុះពិនិត្យ​មើល​ស្ថានភាព​បាក់ស្រុតច្រាំងដោយផ្ទាល់ ខណៈមានករណីបាក់ស្រុតច្រាំង​ព្រែកកុយ

ចែករំលែក៖

     ខេត្តកំពង់ចាម ៖ អាជ្ញាធរបានហាមឃាត់រថយន្តធុនធំឆ្លងកាត់ត្រង់ចំណុចភូមិព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ខណៈដែលមានការបាក់ច្រាំងនៅតែបន្ត ហើយអាចបង្កហានិភ័យបើសិនមានរថយន្តធុនធំបើកឆ្លងកាត់។ 

     សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាល​នៃគណៈអភិបាល​ខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ រួមទាំងអាជ្ញាធរស្រុកកងមាសចុះពិនិត្យ​មើល​ស្ថានភាព​បាក់ស្រុតច្រាំងព្រែកកុយដោយផ្ទាល់ ដែលហេតុការណ៍​បាក់ស្រុតច្រាំង​ព្រែកកុយនេះបានកើតឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២មកម្ល៉េះ ប៉ុន្តែស្ថានភាពបាក់ស្រុតនៅតែបន្តកើត។

   ហេតុការណ៍នេះបានរងផលប៉ះពាល់ផ្លូវ មិនអាចឱ្យរថយន្តធុនធំៗបើក​ឆ្លងកាត់បាន ដោយមាន​ប្រវែងបណ្តោយចំនួន២០ម៉ែត្រ និងទទឹង០៤ម៉ែត្រ នៅត្រង់ចំណុចហួសគល់ស្ពានព្រែកបារ៉ាយ នៅភូមិព្រែកកុយ ឃុំព្រែកកុយ​ ដែលធ្វើឱ្យប៉ះពាល់ដល់គម្រោងផ្លូវ World Bank ចាប់ពីចំណុចគល់ស្ពានអន្លង់គគីរ ឃុំព្រែកកុយ ទៅឃុំសូគង ប្រវែង២៧,៦០០ម៉ែត្រ។

    ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា បានឱ្យកងកម្លាំងប៉ុស្តិ៍ រួមជាមួយអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់​ការពារ ​និង​បញ្ចៀស​ចរាចរណ៍​រថយន្តធុនធំៗកុំឱ្យបើក​បរឆ្លងកាត់តំបន់នេះ ហើយ​រិះរក​វិធីសាស្ត្រ​ដោះស្រាយភ្លាមៗ​ប្រសិន​បើច្រាំងព្រែកនេះបន្តស្រុតទៀត។

លោកអភិបាល នៃគណៈអភិបាលខេត្ត និងអាជ្ញាធរស្រុកបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្លាចកើតមាននូវឧប្បត្តិហេតុផ្សេងៗ ប្រសិនបើទឹកទន្លេហក់ឡើង ឬបង្កឱ្យបាក់ច្រាំងបន្តទៀត ៕

ដោយ ៖ សហការី


ចែករំលែក៖