ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបុកម៉ូតូវ៉េវពីក្រោយបណ្ដាលឱ្យនារីម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពទ្យ និងម្នាក់ទៀតរបួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តតូយ៉ូតា ព្រូសមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកម៉ូតូវ៉េវមួយគ្រឿងចំពីក្រោយពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលបោកនឹងថ្នល់ធ្វើឱ្យនារីម្នាក់រងរបួសធ្ងន់និងបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៣ កែងនឹងផ្លូវលេខ២៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងស្រវឹងស្រាបានបើករថយន្តម៉ាកToyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2 BH -4352 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុកែងនឹងផ្លូវលេខ២៧៣ បានជ្រុលទៅបុកម៉ូតូវ៉េវមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លា៏កលេខភ្នំពេញ1AM -2137 ជិះដោយនារីពីរនាក់ដែលបើកស្របគ្នានៅខាងមុខ ចំពីក្រោយពេញទំហឹងប៉ើងជាច្រើនម៉ែត្រ បណ្ដាលឱ្យនារីម្នាក់បែកក្បាលហូរឈាមពេញថ្នល់រងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង ទម្រាំរថយន្តសាមុយមកទទួលជនរងគ្រោះទៅសង្គ្ត្រោះមានរយៈពេលជាងកន្លះម៉ោងឯណោះធ្វើឱ្យជនរងគ្រោះស្លាប់ពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមាននារីម្នាក់ដែលជាអ្នករួមដំណើរជាមួយបានរងរបួសស្រាល ។ 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានខលទៅនគរបាលជំនាញមកធ្វើការវាស់វែង និងស្ទួចយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌបឹងកេងកង ដើម្បីឱ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់  ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖