ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ទេសចរណ៍​៖​ កម្ពុជានឹងមានជើងហោះហើរត្រង់ពីប្រទេសតួកគី នាពេលខាងមុខនេះ!

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃសុក្រទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្ពុជា-តួកគីសុទ្ធតែចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត និងចង់ឱ្យមានចលនាទេសចរទៅមកកើនឡើង ដូច្នេះហើយទើបឯកអគ្គរដ្ឋទូតថ្មីនៃស្ថានទូតតួកគីប្រចាំកម្ពុជា លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ (ÜLKÜ KOCAEFE) ប្ដេជ្ញាជំរុញឱ្យមានជើងហោះហើរត្រង់កម្ពុជា-តួកគីឱ្យបានក្នុងអាណត្តិបេសកកម្មរបស់ខ្លួន។

ក្រសួងទេសចរណ៍​ បានឱ្យដឹងទៀតថា​ ការសន្យានេះធ្វើឡើងនាឱកាសដែលលោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ ជួបសម្ដែងការគួរសមជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ​ នៅទីស្ដីការក្រសួងទេសចរណ៍ បន្ទាប់ពីលោកជំទាវទទួលបេសកកម្មថ្មីជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា។

នាឱកាសនោះ​ លោករដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតអំពីស្ថានភាពទេសចរណ៍កម្ពុជាដែលកំពុងងើបឡើងវិញបណ្ដើរៗ តាមរយៈការខិតខំស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ប្រការនេះបានជំរុញឱ្យកម្ពុជាទទួលបានភ្ញៀវអន្តរជាតិជិត១លាននាក់ (កើនឡើង ៧២០%) ត្រឹមរយៈពេល៨ខែឆ្នាំ២០២២។

លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ បានកោតសរសើរអំពីភាពល្អប្រសើរនៃការគ្រប់គ្រងស្ថានភាពកូវីដ១៩នៅកម្ពុជា ការគោរពបាននូវវិធានការសុខាភិបាលរបស់ប្រជាជនកម្ពុជា ការយកចិត្តទុកដាក់ចំពោះសុខភាព/អាយុជីវិតរបស់ប្រជាជន តាមរយៈគោលនយោបាយចាក់ស្រោចវ៉ាក់សាំង និងការទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩របស់រាជរដ្ឋាភិបាល។ លោកស្រី​ ក៏ពេញចិត្តជាខ្លាំងចំពោះភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា គឺដូចការផ្សព្វផ្សាយនៅក្រៅប្រទេសពិតមែន។ លោកស្រីបានបង្ហាញអារម្មណ៍មានភាពកក់ក្ដៅ មានសុវត្ថិភាពក្នុងការមករស់នៅនិងបំពេញបេសកកម្មនៅកម្ពុជានេះ ហើយមានចំណាប់អារម្មណ៍ខ្លាំងចំពោះគោលដៅទេសចរណ៍នៅកម្ពុជា ពិសេសតំបន់បេតិកភណ្ឌអង្គរ។

លោករដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ថា៖​ ភាគីកម្ពុជា-តួកគីឯកភាពគ្នាជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងស្ដីពីវិស័យទេសចរណ៍ ដែលបានចុះហត្ថលេខារួចរាល់នៅប្រទេសតួកគីកាលពីឆ្នាំ២០១៨ និងបានរៀបចំក្រុមការងារអនុវត្តរួចហើយដែរ ធ្វើយ៉ាងណាអនុវត្តឱ្យបានប្រសិទ្ធភាព ផ្លែផ្កា និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា កិច្ចព្រមព្រៀងស្ដីពីវិស័យទេសចរណ៍នោះគឺផ្ដោតលើការជំរុញចលនាទេសចរទៅវិញទៅមក ពិសេសគឺការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-តួកគី។

លោករដ្ឋមន្ត្រី​ មានប្រសាសន៍ថា៖ «ក្នុងអាណត្តិដែលលោកជំទាវបំពេញបេសកកម្មនៅកម្ពុជា លោកស្រីឯកអគ្គរដ្ឋទូតតួកគីបានសន្យាសម្រេចឱ្យបាននូវការតភ្ជាប់ការហោះហើរត្រង់កម្ពុជា-តួកគី ពីព្រោះដើម្បីជំរុញឱ្យមានកំណើនទេសចរទៅបាន ចាំបាច់ត្រូវមានការដឹកជញ្ជូន»។

លោករដ្ឋមន្ត្រីបានអះអាងថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ គឺសុទ្ធតែអាចឱ្យយន្តហោះខ្នាតធំចុះចតបាន ដូច្នេះការចុះចតយន្តហោះដែលមកពីតួកគីនោះគឺមិនមែនជាបញ្ហាឡើយ។

ពិសេសជាងនេះ ភាគីទាំងពីរក៏បានលើកឡើងពីការជំរុញឱ្យមានបណ្ណទេសចរណ៍ពណ៌បៃតង (Green Pass) ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ ការស្នើសុំទិដ្ឋការចេញ/ចូលរបស់ភ្ញៀវទេសចរ ក៏ដូចជាការធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសទាំងពីរ។

ក្រៅពីនេះ កិច្ចព្រមព្រៀងក៏ផ្ដោតលើការជំរុញអ្នកវិនិយោគក្នុងវិស័យទេសចរណ៍ ខណៈតួកគីគឺមានអ្នកវិនិយោគច្រើនដែរ ហើយកម្ពុជា-តួកគីក៏ត្រូវបន្តការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការផ្លាស់ប្ដូរទស្សនកិច្ចរវាងមន្ត្រីរាជការប្រទេសទាំងពីរជាដើម៕

ដោយ​៖សហការី​


ចែករំលែក៖