ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានមានប្រសាសន៍រម្លឹកពី បណ្តាំរបស់លោកឪពុកបីចំណុច ដែលកូនៗទាំងអស់ត្រូវចងចាំជានិច្ច ក្នុងនោះ លោកបណ្ឌិត បានលើកមកបញ្ជាក់ថា ៖
១. ត្រូវគិតគូរដល់ប្រជាជនជាធំ ដោយឈរខាងប្រជាជនគ្រប់ពេលវេលា
២. ត្រូវគិតគូដល់ផលប្រយោជន៍ជាតិជាធំគ្រប់ពេលវេលា
៣. ហ៊ានធ្វើ ហើយធ្វើអោយពិតប្រាកដនិងច្បាស់លាស់ ហើយហ៊ានទទួលខុសត្រូវចំពោះការសម្រេចចិត្ត និងសកម្មភាពរបស់ខ្លួន។
សូមបញ្ជាក់ថា, កន្លងទៅ លោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់លើកឡើងថា, កន្លងមកមានលោកយាយលោកតា លោកអ៊ុំ ពូមីងជាច្រើនធ្លាប់បាននិយាយប្រាប់ខ្ញុំថា ឪពុកម្តាយរបស់ខ្ញុំ ចិញ្ចឹមកូនបានល្អៗណាស់ ទាំងប្រុស ទាំងស្រី គឺស្លូតបូត សុភាពរាបសា ចេះគោរពចាស់ទុំ និងចេះស្រលាញ់គ្នា។ ខ្ញុំសូមអរគុណលោកយាយលោកតា លោកអ៊ុំ ពូមីងចំពោះការសរសើរនេះ។
លទ្ធផលទាំងនេះគឺមានដោយសារអ្នកមានគុណទាំងពីររបស់ខ្ញុំ គឺលោកឪពុក និងអ្នកម្តាយរបស់ខ្ញុំ ដែលគាត់តែងតែណែនាំប្រៀនប្រដៅកូនៗទាំងអស់ជាប់ជាប្រចាំ អោយប្រព្រឹត្តិនូវអំពើល្អ ប្រកាន់ឃ្ជាប់នូវសីលធម៌ គុណធម៌ ការតស៊ូព្យាយាម និងចេះស្រលាញ់ជួយយកអាសាគ្នា តាំងតែពីបងប្អូនរបស់ខ្ញុំនៅតូចៗម៉្លេះ។
ក្នុងចំណោមដំបូន្មានសំខាន់ៗដែលឪពុកម្តាយរបស់ខ្ញុំបានផ្តល់អោយខ្ញុំនិងប្អូនៗរបស់ខ្ញុំ÷
១. កុំតាំងខ្លួនជាកូននាយករដ្ឋមន្ត្រី តែត្រូវតាំងខ្លួនជាចៅកសិករ…
២. ការរាប់អានមនុស្សមិនត្រូវមើលលើគេមានទ្រព្យសម្បត្តិ ឬជាកូនលោកធំនោះឡើយ… ប៉ុន្តែលើទឹកចិត្តល្អ…
៣. ត្រូវខំរៀន… ព្រោះចំណេះវិជ្ជាសំខាន់សម្រាប់ខ្លួនឯង និង ប្រទេសជាតិ។
៤. ត្រូវធ្វើតែអំពើល្អ និងចេះជួយគ្នានៅពេលត្រូវការ។
លោកបណ្ឌិតបញ្ជាក់ថា, ករណីនេះ(ដកស្រង់ចេញពី សៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” សរសេរដោយលោក ឆាយ សុផល) ៕
ដោយ ៖ សុខ ខេមរា