ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ៦ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដឹកនាំដោយ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងគណៈប្រតិភូនៃរដ្ឋបាលគយហុងកុង ដឹកនាំដោយលោកស្រី Louise Ho អគ្គនាយកនៃរដ្ឋបាលគយហុងកុង បានប្រារព្ធពិធីចុះហត្ថលេខាឌីជីថលលើអនុស្សរណៈយោគយល់គ្នារវាងរដ្ឋបាលគយទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការងារគយ (MoU) តាមប្រព័ន្ធវីដេអូ។
សូមបញ្ជាក់ថា, ពិធីចុះហត្ថលេខាឌីជីថលលើ MOUនេះ បានធ្វើឡើងឆ្លើយតបទៅនឹងពាក្យស្លោក “រដ្ឋបាលគយឆ្លាតវៃ” ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ដែលបានរាតត្បាតជាសាកល។
ទន្ទឹមនេះ លោកបណ្ឌិត គុណ ញឹម និងលោកជំទាវ Louise Ho សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ការចុះហត្ថលេខាលើ MOUប្រកបដោយជោគជ័យនេះ នឹងជាយន្តការសម្រាប់ត្រួសត្រាយផ្លូវឱ្យរដ្ឋបាលគយទាំងពីរ ៖
-១.បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីល្អបន្ថែមទៀត
-២. ចូលរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងហុងកុង
– ៣.ពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការបង្កើនការចែករំលែកព័ត៌មាន
– ៤.ពង្រឹងកិច្ចសហការផ្តល់ជំនួយបច្ចេកទេស ក្នុងការកសាងសមត្ថភាពមន្រ្តីនៃរដ្ឋបាលគយទាំងពីរ។
ពិធីចុះហត្ថលេខានេះបានបញ្ចប់ក្រោមបរិយាកាសសហប្រតិបត្តិការ និងមិត្តភាពស្និទ្ធស្នាល ៕
ដោយ ៖ សិលា