ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះខ្សែភ្លើងជាប់ផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្បែរស្តុប សម្ដេច ប៉ែននុត តាមបណ្ដោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាបង្គោលភ្លើងថ្មធំមួយដើមខាងលើមានខ្សែភ្លើង និងខ្សែកាបិ៍រំពាត់ជាច្រើន ហើយនៅពេលកើតហេតុក៏កើតមានទុស្សេក្នុងប្រអប់ភ្លើងជាខ្លាំងរហូតមានការឆាបឆេះខ្សែភ្លើងជាបន្តបន្ទាប់យ៉ាងសន្ធោសន្ធៅ បើទោះបីប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកធ្វើការបាញ់ពន្លត់ក៏មិនរលត់នោះដែរ ទើបប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ ។
បន្ទាប់ពីទទួលបានព័ត៌មានមកថា មានករណីអគ្គិភ័យឆាបឆេះខ្សែភ្លើង សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញបង្ការ និងសង្គ្រោះអគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យមកធ្វើការបាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់តែ០២គ្រឿង និងពេលវេលាតែកន្លះម៉ោងប៉ុណ្ណោះក៏រលត់ទៅវិញជាស្ថាពរ ។
ក្នុងករណីអគ្គិភ័យខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ដោយគ្រាន់តែប៉ះពាល់សំយ៉ាបផ្ទះប្រជាពលរដ្ឋបន្តិចបន្តួចប៉ុណ្ណោះ ៕
ដោយ ៖ ភារ៉ា ដង្កោ