ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតូយ៉ូតា ព្រូស មួយគ្រឿងលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តនីសាន់ពីក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ ២០២២ នៅត្រង់ចំណុចមុខក្រសួងពាណិជ្ជកម្ម តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនកើតហេតុគេឃើញរថយន្តនីសាន់មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AW-6267ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានបើកឆ្លងផ្លូវពីមុខ ខណៈនោះរថយន្ត ក៏បានបន្ថយល្បឿនតិចៗដើម្បីឱ្យរថយន្តមួយគ្រឿងនោះទៅផុត ស្របពេលនោះក៏មានរថយន្តតូយ៉ូតា ព្រូស មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BF-4076បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាមកពីក្រោយក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកថយន្តនីសាន់ ពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្ត នីសាន់ ខូចខាតកាងខាងក្រោយបន្តិចបន្តួច ចំណែករថយន្តព្រូសរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ក្រោយពីសម្របសម្រួលគ្នាមួយសន្ទុះក្រោយមក ទើបភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយខាងភាគីរថយន្តព្រូស បានចេញសំណងចំនួន៥០ ដុល្លារទៅឲ្យភាគីខាងរថយន្តនីសាន់ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ៖សុខាសែនជ័យ