ភ្នំពេញ៖ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូលបានឱ្យដឹងនៅព្រឹកថ្ងៃ១៧ខែកញ្ញាឆ្នាំ២០២២នេះថាកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល ដែលមានកម្ពស់៣ជាន់ ទទឹង១៥,៥ម៉ែត្រ បណ្តោយ ១៧,១ម៉ែត្រ ដែលមានទីតាំងស្ថិតក្នុងបុរីសង្ឃឹមថ្មី ភូមិតានូន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាល នៃគណៈអភិបាលខណ្ឌកំបូល លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។
លោកវរសេនីយ៍ត្រី ឈៀង ចាន់ថុល មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល បានលើកឡើងថា ដោយសារតែខណ្ឌកំបូលជាខណ្ឌដែលទើបតែបង្កើតឡើងក្រោយគេក្នុងឆ្នាំ២០១៩ ជាហេតុធ្វើឲ្យទីតាំងរដ្ឋបាលទាំងអស់ត្រូវការសាងសង់ថ្មីដើម្បីបំពេញសេចក្តីត្រូវការជាចាំបាច់ ក្នុងនោះក៏មាន មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូលផងដែរ ដែលមានតម្រូវការសាងសង់ តែដោយក្នុងរយៈកាលកន្លងមកពុំទាន់មានទីតាំងសមរម្យ និងមិនទាន់មានកញ្ចប់ថវិកាសម្រាប់សាងសង់បានធ្វើឱ្យមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល បានត្រឹមជួលផ្ទះល្វែងនៅក្នុងបុរីសង្ឃឹមថ្មី ដើម្បីធ្វើជាទីតាំងធ្វើការបណ្តោះអាសន្នរហូតមក ទើបតែពេលនេះដោយមានការជ្រោមជ្រែងពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លោកឃួង ស្រេង ព្រមទាំងលោកកើត ឆែ បានធ្វើឲ្យមូលដ្ឋានអាវុធហត្ថខណ្ឌកំបូលមានឱកាសបញ្ចុះបឋមសិលាសាងសង់អគារមូលដ្ឋានលើទីតាំងផ្ទាល់របស់ខ្លួន ដែលទទួលបានពីសាលារាជធានីភ្នំពេញ ទុកសម្រាប់ប្រើប្រាស់ក្នុងការបំពេញការងាររដ្ឋបាល ក៏ដូចជាបម្រើប្រជាពលរដ្ឋទូទៅនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕
ដោយ៖ចន្ទ លីហ្សា