ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបើកកៀរម៉ូតូដួលហើយកិនពីលើបណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកបើករថយន្តធុនធំមួយគ្រឿងបានបើកកៀរម៉ូតូមួយគ្រឿងដួលហើយក៏កិនពីលើបន្ថែមទៀតបណ្តាលឱ្យយុវជនអ្នកបើកម៉ូតូនោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវណតប៊្រីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែល២០ឆ្នាំ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូធំមួយគ្រឿងម៉ាកMslaz ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HX-5081បើកបរដោយយុវជនម្នាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់មានរថយន្តធុនធំមួយគ្រឿងម៉ាកហុីយ៉ាន់ដាយពណ៌ស  ពាក់ស្លាកលេខព្រះសីហនុ3A -2718 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាមកពីក្រោយស្រាប់តែកៀរម៉ូតូបណ្តាលឱ្យដួល រួចហើយកិនពីលើបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តបង្កព្យាយាមបើករត់បន្តបានប្រហែល៣០០ម៉ែត្រតៃកុងរថយន្តក៏បានចុះរត់គេចខ្លួនបាត់ស្រមោលទៅដោយទុករថយន្តនៅកន្លែងកើតហេតុ។

     ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះក្រោយសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖