ខេត្តកំពង់ធំ ៖ លោកស្រី គឹមសុកញ្ញា អនុប្រធានប្រតិបត្តិសមាគមសម្ព័ន្ធប្រជាជន ដើម្បីសន្តិភាពសាខាខេត្តកំពង់ធំ បានដឹកនាំ ក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅជួយដល់កុមារី សែ អារីណា អាយុ០៨ឆ្នាំ រស់នៅភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងឱកាសនោះ លោកស្រី អនុប្រធានប្រតិបត្តិសមាគមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពសាខាខេត្តកំពង់ធំ បានមានប្រសាសន៍ថា អំណោយនិងថវិកាបន្តិចបន្តួចទាំងនេះ គឺអាចជួយដោះទ័លបានមួយរយៈខ្លីប៉ុណ្ណោះ។ លោកស្រីបន្តថា ដោយឃើញកុមារីជួបការលំបាក មានជំងឺ ទឹកនោមផ្អែមត្រូវព្យាបាល ហើយជីវភាពខ្វះខាត ដោយការអាណិតកុមារី ក៏បានគៀងគរប្រមែប្រមូលថវិកាកម្លាំងសាមគ្គីក្នុងន័យមនុស្សធម៌ ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា ។
ជាមួយគ្នានេះផងដែរលោកព្រាប ហាវ មេឃុំទួលគ្រើល បានមានប្រសាសន៍ថា កាយវិការសកម្មភាពមនុស្សធម៌ ដែលមិនអាចកាត់ថ្លៃបានទាំងនេះ ក្នុងនាមអាជ្ញាធរដែនដី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសម្ព័ន្ធប្រជាជន ដើម្បីសន្តិភាពសាខាខេត្តកំពង់ធំ ជានិច្ចកាលតែងតែគិតគូរពីការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាក់ស្តែងកន្លងទៅថ្មីៗនេះ ការរស់របស់ស្រ្តីមេម៉ាយឈ្មោះ ខេង សុភាវតី អាយុ៣៦ឆ្នាំ មានកូនពីរនាក់ រស់នៅក្នុងខ្ទមកំសត់ដ៏តូចមួយ ជញ្ជាំងបាំងស្លឹករហែក ដំបូលប្រក់មេឃ រកព្រឹកខ្វះល្ងាច រកល្ងាចខះព្រឹក ពិសេសគឺគ្មានថវិកាយកមកព្យាបាលជំងឺកូន ដែលកើតជំងឺទឹកនោមផ្អែមនោះទេ។
យើងខ្ញុំក្រុមគ្រួសារ និងប្រជាពលរដ្ឋ សូមជូនពរដល់បងប្អូនម្ចាស់ទានទាំងអស់ និងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច និងពុទ្ឋពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ យើងខ្ញុំសូមអំពាវនាវដល់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ជួយឧបត្ថម្ភជាសម្ភារៈ និងថវិកា ដើម្បីយកថវិកាមកព្យាបាលជំងឺកូនស្រីរបស់ខ្ញុំបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថាអំណោយជាគ្រឿងឧបភោគបរិភោគរួមមាន÷ អង្ករចំនួន២៥គីឡូក្រាម,មីចំនួន០១កេស ,ទឹកត្រី០១យួរ ,ទឹកស៊ីអុីវ០១យួរ ,ទឹកសុទ្ធចំនួន០៤យួរ , ត្រីខ១២កំប៉ុង ,គ្រីមលាបព្យាបាលជំងឺ ទឹកនោមផ្អែម០១ប្រអប់, សាប៊ូបោកខោអាវ០៣គីឡូ០១ថង់ សាប៊ូដុសខ្លួន០៦ដុំ ថ្នាំដុសធ្មេញ០១ ច្រាសដុសធ្មេញ០២ សៀវភៅ១០ក្បាល បិច០៣ដើម ថ្នាំពេទ្យព្យាបាលជំងឺផ្ដាសសាយ១២បន្ទះ អង្ករសុខភាព០២កេស និងថវិកា៧០០.០០០រៀល ៕
ដោយ៖កែវ មន្នី