ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះ​ ចុះបង្រា្កបបទល្មើសនេសាទនៅចំណុចបឹងកោះស្លែង និងចំណុចបឹងកោះព្រាល​ ខេត្ត​កំពង់​ឆ្នាំង​

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះថ្កូវ នៃអធិការនគរបាលស្រុកជលគិរី កាលពីថ្ងៃទី​១៨​ ខែកញ្ញា​ម្សិលមិញនេះ​ បានសហការជាមួយកម្លាំងចម្រុះ ចុះបង្រា្កបបទល្មើសនេសាទនៅចំណុច បឹងកោះស្លែង និងចំណុចបឹងកោះព្រាល ក្នុងភូមិសាស្រ្ត ភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ 

របាយការណ៍​ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនោះ​ប្រើប្រាស់កម្លាំងចំនួន ៨នាក់ មធ្យោបាយបាឡាស្មាច់ចំនួន ២គ្រឿង អាវុធ១ដើម ជាលទ្ធផល៖ រុះរេីរបាំងបានចំនួន ១៥កន្លែង ប្រវែង ៩៥០ម៉ែត្រ លបលូស្បៃមុងចំនួន ១៥លប បង្គោលចំនួន ១៧០ដើម លែងកូនត្រីចម្រុះ ចំនួន២០០គីឡូក្រាម ចូលក្នុងបឹងវិញ ។

ក្រោយប្រតិបត្តការ​ចប់​ សម្ភារនិងវត្ថុតាងទាំងអស់ត្រូវបានកំទេចចោលនៅនឹងកន្លែង។

ជាមួយគ្នានេះ​ នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលតាមបណ្តាក្រុងស្រុក និងក្រុមចម្រុះខេត្ត កម្លាំងប្រជាការពារ បានចេញល្បាតចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងត្រួតពិនិត្យច្បាប់ចរាចរណ៍ ពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ 

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ កម្លាំង​ជំនាញ​បានអប់រំអ្នកធ្វើដំណើរកុំឲ្យបើកបរក្នុងស្ថានភាពស្រវឹង (មានជាតិអាកុល) ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវ៉ាត់ ត្រូវមានផ្លាកលេខ កុំឱ្យប្រើប្រាស់សុីម៉ាំងកែឆ្នៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្ត បំពាក់ភ្លើង ខុសលក្ខណៈបច្ចេកទេស (តទ្រុង) អប់រំក្មេងៗដើរលេងពេលយប់មួយចំនួនទៀត ៕

ដោយ​៖សហការី​


ចែករំលែក៖