នៅពេលនេះ លើបណ្តាញសង្គមក្នុងប្រទេសចិនបានផ្ទុះកំហឹងយ៉ាងខ្លាំងក្រោយពេលរថយន្តក្រុងដឹកពលរដ្ឋទៅកាន់កន្លែងធ្វើចត្តាឡីស័ក បានជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៨ខែកញ្ញា បណ្តាលឱ្យមនុស្ស ២៧នាក់ស្លាប់ ។
កម្លាំងប៉ូលិសស្រុកបានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ៤៧នាក់ ធ្វើដំណើរចេញពីខេត្ត Guiyang នៅវេលាម៉ោង ២និង៤០នាទី ថ្ងៃទី១៨ខែកញ្ញា រថយន្តក៏ផ្អៀងមួយចំហៀងនៅលើមហាវិថីក្នុងខេត្ត Guizhou បណ្តាលឱ្យមានគ្រោះថ្នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបណ្តាលឱ្យមនុស្ស ២៧នាក់ស្លាប់ និង២០នាក់រងរបួសធ្ងន់។
ព័ត៌មានស្តីពីគ្រោះថ្នាក់ខាងលើ ត្រូវបានបង្ហោះផ្សព្វផ្សាយពេញបណ្តាញសង្គម បង្កឱ្យមានប្រតិកម្ម និងខឹងសម្បាយ៉ាងខ្លាំង ។ អ្នកខ្លះក៏បានបញ្ចេញមតិស្តីបន្ទោសដល់គោលនយោបាយទប់ស្កាត់កូវីដ -១៩តឹងតែងខ្លាំងពេក ។ នៅក្នុងខេត្ត Guiyang មានអ្នកស្លាប់ដោយកូវីដ-១៩តែ២នាក់ប៉ុណ្ណោះ ប៉ុន្តែគ្រោះថ្នាក់ពាក់ព័ន្ធការដឹកជញ្ជូនទៅធ្វើចត្តាឡីស័កកើនឡើងខ្ពស់ទៅវិញ។
នៅក្នុងខេត្ត Guiyang បានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៧១២នាក់នៅថ្ងៃទី១៧ខែកញ្ញា ស្មើនឹង៧០%នៃករណីឆ្លងទូទាំងប្រទេស គឺកើនឡើង១៥៤នាក់បើប្រៀបធៀបនឹងមួយថ្ងៃមុន៕ ដោយ៖ ធីរីណា
រូបថត៖ Caixin