ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហ្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានអញ្ជើញជាអធិបតី ពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ។

កម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានខិតខំយកចិត្តទុកដាក់រៀបចំ និងអនុវត្តការងារសេវាសង្គមប្រកបដោយគុណភាពដើម្បីជួយគាំពារប្រជាជននៅមូលដ្ឋានរបស់ខ្លួន ជាពិសេសជនរងគ្រោះដូចជាស្រ្តី កុមារ ជនចាស់ជរា ជនក្រីក្រ ជនមានពិការភាព និងជនជាតិដើមភាគតិច។

លោកស្រី ហ្វរូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វ ប្រចាំកម្ពុជា បានមានប្រសាសន៍ថាអង្គការយូនីសេហ្វមានប្រវត្តិសហប្រតិបត្តិការជាយូរឆ្នាំមកហើយជាមួយរាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ ក្នុងនោះក៏បានចូលរួមគាំទ្រដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដែរ។ លោកស្រីបានសម្ដែងក្ដីរីករាយដែលដឹងថាការបដិភាគថវិកាសម្រាប់សេវាសង្គមដល់ថ្នាក់ក្រោមជាតិមានការកើនឡើង។

ដោយសារព្រឹត្តិការណ៍នៅថ្ងៃនេះជាថ្ងៃអបអរសាទរដល់ជ័យលាភី និងអ្នកទទួលរង្វាន់ លោកស្រីបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រឹងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានពេញភារកិច្ចរហូតសម្រេចបានសមិទ្ធផលជ័យលាភី ហើយថាអ្វីដែលកាន់តែមានមោទកភាពទៀតនោះគឺសម្រាប់ស្រ្តីក្រីក្រ និងស្រ្តីងាយរងគ្រោះ កុមារ និងជនមានពិការភាពដែលទទួលបានអត្ថប្រយោជន៍ពីការយកចិត្តទុកដាក់កាន់តែខ្លាំងលើសេវាសង្គម និងការកើនឡើងថវិកាសម្រាប់សេវាសង្គមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានថ្លែងអំណរគុណអង្គការយូនីសេហ្វសម្រាប់ការគាំទ្រគម្រោងផ្ដល់សេវាសង្គមនៅថ្នាក់ក្រោមជាតិប្រកបដោយសមភាព បរិយាប័ន និងសមធម៌។ សម្ដេច បន្ថែមថាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា បានទទួលការគាំទ្រពីសាធារណៈជនគ្រប់មជ្ឈដ្ឋាន ហើយក៏កំពុងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្ដេច បានឯកភាពចំពោះការលើកឡើងរបស់លោកស្រីនាយិកាយូនីសេហ្វ ពាក់ព័ន្ធនឹងការវិភាគថវិកាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបន្ថែមថាទោះបីជាមានផលប៉ះពាល់បង្កឡើងដោយជំងឺកូវីដ-១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលមិនដកដោយក្នុងការងារកំណែទម្រង់និងការគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិដែរ។ សម្ដេច បានសង្កត់ធ្ងន់ថាបញ្ហាសំខាន់នោះគឺឆន្ទៈរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ។

សម្ដេច ក៏បានឆ្លៀតគូសបញ្ជាក់អំពីផលជាក់ស្ដែងនៃការងារនេះទៀតថា «កន្លងទៅ វិស័យសុខាភិបាល និងវិស័យមួយចំនួនទៀតក៏យើងបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយយើងទទួលស្គាល់ថាប្រសិនបើការផ្ទេរសិទ្ធិអំណាចវិស័យសុខាភិបាលមិនទាន់ពេលទេនោះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រដ្ឋបាលរាជនី ខេត្តនឹងប្រាកដជាជួបការលំបាកមិនខានឡើយ»។

សម្ដេចក្រឡាហោម ក៏បានឆ្លៀតរម្លឹកឡើងវិញនូវសារពិសេសសម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ក្នុងនោះសម្ដេចបានគូសបញ្ជាក់ថាសម្រាប់ប្រភេទល្បែងស៊ីសងតាមភូមិ ឃុំ សង្កាត់ ដែលនាំទៅដល់ការកើតមានអំពើលួច ឆក់ ប្លន់ ហិង្សា បំផ្លាញទ្រព្យសម្បត្តិ និងសុភមង្គលក្រុមគ្រួសារនោះ ភារកិច្ចបង្ក្រាបជាការទទួលខុសត្រូវរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយថ្នាក់ជាតិនឹងតាមដាន។

ចំណែកល្បែងស៊ីសងជាប្រភេទល្បែងអនឡាញខុសច្បាប់ដែលកំពុងបង្កឱ្យមានអំពើជួញដូរមនុស្ស បង្ខាំងមនុស្ស អំពើទារុណកម្ម និងជួញដូរកម្លាំងពលកម្ម ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិនោះ សម្ដេចបានសង្កត់ធ្ងន់ថាភារកិច្ចបង្ក្រាបនឹងទទួលខុសត្រូវដោយថ្នាក់ជាតិ។ សម្ដេច ក៏បានផ្ដល់ទស្សនាទានដល់អង្គពិធីដែលភាគច្រើនថ្នាក់ដឹកនាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ អំពីសារៈសំខាន់នៃការងារនេះផងដែរ។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីព្រឹត្តិការណ៍នៅឆ្នាំ២០២២នេះ និងនៅឆ្នាំ២០២៣ខាងមុខ ក្នុងនោះរួមមានការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ការរៀបចំព្រឹត្តិការណ៍ស៊ីងហ្គេម និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣។ សម្ដេច បានគូសបញ្ជាក់ថារដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ មានភារកិច្ចចូលរួមគាំទ្រឱ្យព្រឹត្តិការណ៍ទាំងនេះទទួលបានជោគជ័យ។

លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានឱ្យដឹងថាកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ចែកចេញជាពីរប្រភេទ គឺពានរង្វាន់ផ្កាយសេវាសង្គម មានចំណាត់ថ្នាក់ផ្កាយ៣ ផ្កាយ២ ផ្កាយ១ និងផ្កាយសូន្យ និងពានរង្វាន់ជើងឯកសេវាសង្គមមានចំណាត់ថ្នាក់លេខ១ និងលេខ២ សម្រាប់រាជធានី ខេត្ត, លេខ១ លេខ២ និងលេខ៣ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងលេខ១ដល់លេខ៥ សម្រាប់រដ្ឋាលឃុំ សង្កាត់។ លោក បានឱ្យដឹងថាសម្រាប់ពានរង្វាន់ផ្កាយសេវាសង្គម មានរដ្ឋបាលឃុំ សង្កាត់២ បានទទួលចំណាត់ថ្នាក់ផ្កាយ៣, ឃុំ

សង្កាត់១២៦ទទួលបានផ្កាយ២, ឃុំ សង្កាត់២៣៣ ទទួលបានចំណាត់ថ្នាក់ផ្កាយ១ និងឃុំ សង្កាត់៥៦ទទួលបានផ្កាយសូន។ រដ្ឋបាលក្រុង ស្រុក ខណ្ឌវិញ ចំណាត់ថ្នាក់ផ្កាយ៣ពុំមាន ចំណាត់ថ្នាក់ផ្កាយ២មាន២១ ចំណាត់ថ្នាក់ផ្កាយ១មាន៣៦ និងចំណាត់ថ្នាក់ផ្កាយសូន្យមាន៤។ រាជធានី និងខេត្តវិញ ចំណាត់ថ្នាក់ផ្កាយ៣ពុំមានឡើយ ចំណាត់ថ្នាក់ផ្កាយ២មាន៣ ចំណាត់ថ្នាក់ផ្កាយ១មាន៣ និងចំណាត់ថ្នាក់ផ្កាយសូន្យមាន១។

ចំពោះពានរង្វាន់ជើងឯកសេវាសង្គមវិញ រដ្ឋបាលខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេខ១ រដ្ឋបាលខេត្តកណ្ដាលទទួលបានចំណាត់ថ្នាក់លេខ២។ ថ្នាក់ក្រុង ស្រុក ខណ្ឌ គឺរដ្ឋបាលក្រុងតាខ្មៅទទួលបានចំណាត់ថ្នាក់លេខ១ រដ្ឋបាលខណ្ឌមានជ័យលេខ២ និងរដ្ឋបាលខណ្ឌកំបូលលេខ៣ ខណៈពានរង្វាន់សម្រាប់ឃុំ សង្កាត់ គឺរដ្ឋបាលសង្កាត់បឹងកេងកងទី១ចំណាត់ថ្នាក់លេខ១ រដ្ឋបាលឃុំបាគងលេខ២ រដ្ឋបាលឃុំបន្សាយត្រែងលេខ៣ និងរដ្ឋបាលសង្កាត់បឹងកេងកង២ចំណាត់ថ្នាក់លេខ៤។ ជ័យលាភីទាំងអស់សុទ្ធតែទទួលបានវិញ្ញាបនបត្រទទួលស្គាល់ និងសម្ភារៈមួយចំនួនទៀត៕

ដោយ : សិលា


ចែករំលែក៖