អឺរ៉ុបបានដាក់ទណ្ឌកម្មជាច្រើនលើកទៅលើប្រទេសរុស្ស៊ី ប៉ុន្តែប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺតំបន់អឺរ៉ុបទៅវិញ ។ ក្នុងពេលនេះអឺរ៉ុបកំពុងប្រឈមនឹងរដូវរងាដ៏លំបាកដោយសារតែកង្វះថាមពល ។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា ក្រុមរដ្ឋមន្រ្តីការរបទេសសហភាពអឺរ៉ុប នៅថ្ងៃពុធសប្តាហ៍នេះបានព្រមព្រៀងគ្នាដើម្បីរៀបចំកញ្ចប់ទណ្ឌកម្មថ្មីលើរុស្ស៉ី និងបង្កើនការបញ្ចូនអាវុធទៅឱ្យទីក្រុងកៀវ បន្ទាប់ពីប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន ចេញបញ្ជាឱ្យកេណ្ឌកងទ័ពបន្ថែមជាលើកដំបូងគិតចាប់តាំងពីសង្រ្គាមលោកលើកទី២មក។
រដ្ឋមន្រ្តីការបរទេសទាំង២៧ប្រទេសនៃសហភាពអឺរ៉ុប កំពុងស្ថិតនៅក្នុងទីក្រុងញូវយ៉ក សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោក នៅអង្គការសហប្រជាជាតិ។ ប្រមុខគោលនយោបាយការបរទេស EU លោក Josep Borrell បាននិយាយថា បទបញ្ជារបស់លោកពូទីន ដែលរួមបញ្ចូលនូវការបញ្ជូនកងទ័ពបន្ថែមចូលទៅក្នុងទឹកដីអ៊ុយក្រែន ដែលរុស្ស៉ីគ្រោងនឹងធ្វើប្រជាមតិ និងការគំរាមប្រើនុយក្លេអ៊ែរដើម្បីការពារប្រទេសរុស្ស៉ីនោះ បានបង្ហាញពីភាពភ័យស្លន់ស្លោ និងភាពអស់សង្ឃឹម។ លោក បូរ៉ែល បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំក្រុមរដ្ឋមន្រ្តីយ៉ាងដូច្នេះថា «វាច្បាស់ណាស់ថា លោក ពូទីន កំពុងព្យាយាមបំផ្លាញអ៊ុយក្រែន»។
ក្រុមរដ្ឋមន្រ្តីសហភាពអឺរ៉ុបបានយល់ព្រមក្នុងការរៀបចំកញ្ចប់ទណ្ឌកម្មទី៨ ដែលនឹងផ្តោតលើវិស័យពាក់ព័ន្ធបន្ថែមទៀតនៃសេដ្ឋកិច្ចរុស្ស៉ី និងបន្តកំណត់គោលដៅលើអ្នកទទួលខុសត្រូវចំពោះសង្រ្គាមនៅអ៊ុយក្រែន។ រដ្ឋមន្រ្តីសហភាពអឺរ៉ុប នឹងបើកកិច្ចប្រជុំផ្លូវការនៅពាក់កណ្តាលខែតុលាខាងមុខក្រោយពេលដែលកញ្ចប់ទណ្ឌកម្មអាចសម្រេចបាន។
រដ្ឋមន្រ្តីសហភាពអឺរ៉ុប ក៏បានយល់ព្រមក្នុងការបង្កើនការផ្តល់អាវុធដល់ទីក្រុងកៀវផងដែរ។ ប៉ុន្តែ លោក បូរ៉ែល បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីប្រភេទនៃកញ្ចប់ទណ្ឌកម្មទី៨នេះ ឬការគាំទ្រផ្នែកយោធាណាមួយឡើយ។
ការរក្សាការរួបរួមក្នុងចំណោមសមាជិកទាំង ២៧ប្រទេស សម្រាប់កញ្ចប់ទណ្ឌកម្មថ្មីនេះអាចនឹងមានភាពស្មុគស្មាញ ចំពេលមានវិបត្តិការផ្គត់ផ្គង់ ថាមពលដែលបានវាយប្រហារប្លុកនេះយ៉ាងខ្លាំង។ ប្រទេសហុងគ្រីកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានច្រានចោលនូវផែនការនេះ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN
រូបថត ៖ Reuters