ខេត្តកណ្តាល៖ ស្ត្រីម្នាក់ស្រែកទ្រហោយំដង្ហោយរកកិច្ចអន្តរាគមន៍ពីអ្នកជិតខាងនិងកម្លាំងសមត្ថកិច្ចដើម្បីជួយពន្លត់ភ្លើងដែលកំពុងឆាបឆេះផ្ទះរបស់គាត់ខណៈដែលលោកប្អូនប្រុសបង្កើតចិត្តដាច់យកភ្លើងដុតផ្ទះឆេះយ៉ាងសន្ធោសន្ធៅនៅវេលាម៉ោង១៨និង០០នាទីថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២២ ក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះជួយធ្វើអន្តរាគមន៍ដែរ តែដោយសារស្ថានភាពផ្លូវតូចចង្អៀតគឺបានត្រឹមតែជួយទុបស្កាត់កុំឱ្យអណ្តាតភ្លើងឆេះរាលដាលដល់ផ្ទះជិតខាងប៉ុណ្ណោះ រីឯផ្ទះស្ត្រីរងគ្រោះខាងលើបានក្លាយជាចំណីព្រះអគ្គីអស់គ្មានសល់ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ គឺឆេះអស់ផ្ទះមួយខ្នងសង់អំពីឈើ ជញ្ចាំងសង្ក័សី ដំបូលប្រក់សង្ក័សី កម្ពស់២ម៉ែត្រកន្លះ ទទឹង៥ម៉ែត្រ បណ្ថោយ៧ម៉ែត្រ និងសម្ភារប្រើប្រាស់មួយចំនួនរួមទាំងប្រាក់ចំនួន ១.៥០០.០០០៛(មួយលានប្រាំសែនរៀល)។
មូលហេតុដែលកើតមានករណីដុតផ្ទះស្ត្រីឈ្មោះ នួន ស្រីណេ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើនេះគឺអ្នកដែលដុតផ្ទះស្ត្រីរងគ្រោះជាប្អូនប្រុសបង្កើតដែលមានឈ្មោះ នួន សុធា អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅជាមួយគ្នា។
មន្ត្រីមូលដ្ឋានបានបញ្ជាក់ថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើឈ្មោះ នួន សុធា (ជនសង្ស័យ) ស្រវឹងស្រាបានឈ្លោះប្រកែកជាមួយបងស្រីរបស់ខ្លួន(ជនរងគ្រោះ) ពេលនោះជនសង្ស័យខឹងបានរត់ទៅយកដែកកេះមកដុតផ្ទះបងរបស់ខ្លួនឯងបណ្ដាលឱ្យខូចខាតផ្ទះមួយខ្នងនោះឆេះម៉ដ្ឋតែម្តង។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ទ។ បន្ទាប់ជនរងគ្រោះបានស្រែកទ្រហោយំដង្ហោយឱ្យគេជួយ។ ភ្លាមៗនោះអ្នកជិតខាងក៏ដូចជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានសហការជាមួយកម្លាំងស្រុក អាជ្ញាធរភូមិ ឃុំ និងប្រជាការពារចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយធ្វើអន្តរាគមន៍។ ប៉ុន្តែដោយស្ថានភាពផ្លូវលំបាកតូចចង្អៀតរថយន្តពន្លត់អគ្គីភ័យចូលមិនកើតមិនអាចជួយពន្លត់បានទាន់ពេលធ្វើឱ្យផ្ទះឆេះអស់១០០% គឺបានត្រឹមតែបន្តភ្ជាប់ទុយយោទឹកបាញ់ពន្លត់អណ្តាតភ្លើងមិនឱ្យឆេះរាលដាលទៅគោលដៅផ្សេងដោយ
ប្រើរថយន្តបង្ការពន្លត់អគ្គិភ័យមួយគ្រឿង ប្រើទឹកអស់មួយរថយន្ត។
ចំពោះករណីខាងលើកម្លាំងនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍គគីរកំពុងស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ស្អាងជ័យ