ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៦ ខែកញ្ញាម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប ០៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥១១គ្រឿង ម៉ូតូ ៥០៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៦គ្រឿង មានម៉ូតូចំនួន ១៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបា វាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ជាមួយគ្នានេះ នាយកដ្ឋានក៏សូមអំពាវនាវដល់បងប្អូនគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បណ្តាល ឲ្យមនុស្សស្លាប់ ៨នាក់ របួសធ្ងន់ ១៣នាក់ (ស្រី ៦នាក់) របួសស្រាល ១១នាក់ (ស្រី ១នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៣២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៣លើក៕
ដោយ៖ស តារា(រូបភាព៖ឯកសារ)