ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃអង្គារទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញពីសកម្មភាពលទ្ធផលនៃកិច្ចប្រតិបត្តិការស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មលេីស្រ្តីម្នាក់ យកសពដាក់ក្នុងរថយន្តមកប្លុងចោល នៅសង្កាត់អូរចារ ក្រុងបាត់ដំបង និងត្រូវប្រទះឃេីញ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។
សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែកញ្ញាម្សិលមិញនេះ ជនសង័្សយឈ្មោះ មាន ពេជ្របូរមី ភេទប្រុសអាយុ២៨ឆ្នាំ ដែលជាជនសង័្សយក្នុងករណីឃាតកម្ម ត្រូវបានសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ ប្រគល់មកឱ្យសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដេីម្បីធ្វើការសាកសួរ។
ប្រភពដដែលបន្តថា ក្នុងអំឡុងពេលនេះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានធ្វើការសាកសួរស្រាវជ្រាវលំអិតលេីបញ្ហានេះហេីយ ដេីម្បី បង្ហាញនូវកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការស្រាវជ្រាវ រហូតបំបែកសំណុំរឿងនេះបាន។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងទៀតថា លុះនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ សមត្ថកិច្ចនគរបាល បានរៀបចំធ្វេីការបង្ហាញនូវព័ត៌មាននិងវត្តមានជនសង័្សយដោយលំអិតអំពីលទ្ធផលនេះជូនសារធារណជន អ្នកសារព័ត៌មាននិងមហាជនទូទៅបានជ្រាប។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមក៏ដូចមហាជនទូទៅមេត្តាជ្រាបជាព័ត៌មាន សូមអរគុណ៕
ដោយ៖សហការី