ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ៖ កម្ពុជាទទួលបានភ្ញៀវសរុបជាង១លាន២សែននាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា៖ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង១លាន២សែននាក់ នាពិធីបុណ្យភ្ជុំបិណ្ឌនិងការដើរកម្សាន្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះខេត្តបាត់ដំបង សៀមរាប ប៉ៃលិន ទទួលបានភ្ញៀវច្រើនជាងគេដាច់។

ក្រសួងទេសចរណ៍បន្តថា៖ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាយើងទទួលបានភ្ញៀវទេសចរសរុបទូទាំងប្រទេស១,២៥៩,១២១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,២៤៤,៦៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៤,៤៧៩នាក់។

ទាំងនេះជាស្ថិតិប្រចាំថ្ងៃថា៖

* ថ្ងៃទី១ (២៤ កញ្ញា) ទទួលបាន៣៣៩,៤៥៩នាក់។

* ថ្ងៃទី២ (២៥ កញ្ញា) ទទួលបាន៥១២,១២៦នាក់។

* ថ្ងៃទី៣ (២៦ កញ្ញា) ទទួលបាន៤០៧,៥៣៦នាក់។

ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង១០ (Top 10) សម្រាប់រយៈពេល៣ថ្ងៃនេះ រួមមាន៖

* ខេត្តបាត់ដំបង ២១០,១២២នាក់

* ខេត្តសៀមរាប ១៤៣,៤៧០នាក់

* ខេត្តកែប ១១៦,៧៧៦នាក់

* ខេត្តពោធិ៍សាត់ ៩៦,៤៥២នាក់

* ខេត្តព្រះសីហនុ ៨៤,៥៥៧នាក់

* ខេត្តកំពង់ចាម ៧៩,៥៧៤នាក់

* ខេត្តកំពត ៧៧,៥៤៨នាក់

* ខេត្តកណ្តាល ៥៤,៥៤៦នាក់

* ខេត្តកំពង់ឆ្នាំង ៥៤,០២៦នាក់

* ខេត្តប៉ៃលិន ៤៩,៧៤៨នាក់។

ក្រសួងទេសចរណ៍លើកឡើងថា៖ តួលេខនេះមានកំណើន៨៩.៤៣% ធៀបនឹងរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១។ ចរន្តភ្ញៀវនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានសភាពផុសផុលខ្លាំងធៀបនឹងឆ្នាំ២០២១កន្លងមក ដោយសាររាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ហើយប្រជាពលរដ្ឋអាចទៅធ្វើបុណ្យទាននៅតាមទីវត្តអារាមនានាដោយពុំមានការរឹតត្បិត ខុសពីឆ្នាំ២០២១កន្លងមកដែលប្រជាពលរដ្ឋបានត្រឹមយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមមុខខ្លោងទ្វារចូលវត្ត ដោយសារវិបត្តិជំងឺកូវីដ-១៩។

ប្រជាពលរដ្ឋបានសម្រុកចូលរាជធានីភ្នំពេញវិញនាល្ងាចថ្ងៃចន្ទម្សិលមិញ ដែលធ្វើឱ្យចរាចរណ៍នៅតាមដងផ្លូវជាតិនានាមានការមមាញឹកខ្លាំង ខណៈប្រជាពលរដ្ឋខ្លះទៀតនឹងបន្តចូលរាជធានីភ្នំពេញនាថ្ងៃនេះទៀត ពិសេសកម្មករ/កម្មការីដែលទទួលបានច្បាប់ឈប់សម្រាកពី៤-៥ថ្ងៃ។

ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ចរាចរណ៍វិញ  សង្កេតឃើញថា គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី/ខេត្ត និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានសម្រួលចរាចរណ៍ និងថែរក្សាសន្តិសុខសណ្តាប់ធា្នប់នៅតាមដងផ្លូវជាតិ និងទីតាំងសំខាន់ៗ។

ដោយឡែក មន្ទីរទេសចរណ៍គ្រប់រាជធានី/ខេត្តក៏បានចុះផ្ទាល់ដល់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីផ្តល់សេវាកម្មប្រកបដោយគុណភាព តម្លៃសមរម្យ និងបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ពិសេសបញ្ចៀសការកកកុញខ្លាំងដូចដែលធ្លាប់កើតមាននាឆ្នាំកន្លងមក។

សម្រាប់រយៈពេល៣ថ្ងៃនេះ សភាពការណ៍ទេសចរណ៍ជារួម រាប់តាំងពីសន្តិសុខសណ្តាប់ធ្នាប់ និងការដើរកម្សាន្តរបស់ភ្ញៀវទេសចរមានភាពល្អប្រសើរធម្មតា និងមិនមានបញ្ហាធំដុំណាមួយកើតឡើងទេ បើទោះបីបណ្តារាជធានី/ខេត្តភាគច្រើនមានភ្លៀងធ្លាក់ខ្លាំង និងបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងការកកស្ទុះនៅតាមតំបន់ និងផ្លូវជាតិសំខាន់ៗមួយចំនួន៕

ដោយ ៖ សហការី


ចែករំលែក៖