ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ទោ សោម ស៊ុន ៖ កងទ័ពជាកូនចៅរបស់ប្រជាជន អ្វីៗដើម្បីប្រជាជន ដូច្នេះពេលប្រជាជនមានទុក្ខលំបាកត្រូវទៅបម្រើប្រជាជនដោយស្មោះត្រង់និងដោយអស់ពីចិត្តពីថ្លើម

ចែករំលែក៖

ខេត្ត​កំពង់​ធំ ​៖​ ប្រសាសន៍នេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនយោធិនចំណុះ​នៅ​ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ​ ។​

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងអំពីការវិវឌ្ឍន៍ប្រែប្រួលថ្មីៗ នៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិ ពិសេសការរងផលប៉ះពាល់ដោយសារសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងសភាពការណ៍ការប្រែប្រួលអាកាសធាតុ បណ្ដាលមកពីព្យុះផ្សេងៗជាបន្តបន្ទាប់ ដែលបានកើតមានឡើងនៅលើពិភពលោក នៅក្នុងតំបន់  និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបណ្ដាលឲ្យមានគ្រោះទឹកជំនន់បង្កឲ្យរងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាជនយើង មានដូចជាការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវធ្វើដំណើរ​  ការខូចខាតផលដំណាំស្រូវ និងការលិចលង់ផ្ទះសម្បែងមួយចំនួនជាដើម ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះយោធិនគ្រប់បណ្ដាកងឯកភាពចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសត្វរងកំពង់ធំ ដែលក្នុងមួយរយៈពេលកន្លងមកនេះបានខិតខំយ៉ាងសកម្មក្នុងការសហការជាមួយអាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធទាំងបីដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅតាមមូលដ្ឋាននានាក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗ មួយចំនួន ដែលត្រូវអនុវត្តចំពោះមុខ មានជាអាទិ៍ ទីមួយ៖ ត្រូវបន្តចាត់តាំងកងកម្លាំង នៅនឹងន្លែងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅតាមមូលដ្ឋាននានា ឲ្យបានទាន់ពេលវេលា។ 

ទីពីរ៖ គ្រប់​បណ្ដា​កងឯកភាព​ ត្រូវប្រុងប្រៀបកងកម្លាំង មធ្យោបាយគ្រប់គ្រាន់ ដើម្បីអន្តរាគមន៍ ក្នុងការធ្វើសកម្មភាពនៅតាមគោលដៅសំខាន់ៗតាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។ 

និងទីបី៖ ត្រូវបន្តសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដើម្បីចូលរួមក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ដោយត្រូវចូលរួមសហការក្នុងការអប់រំប្រជាជន និងផ្ដល់ព័ត៌មានផ្សេងៗក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ។

ជាចុងក្រោយឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនគ្រប់រូប ត្រូវប្ដេជ្ញាចិត្តដាច់ខាតក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និង​ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបបោះឆ្នោត ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ​៖សហការី​


ចែករំលែក៖