ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក កែន តារា ៖​ គ្រូយោធាចារ្យត្រូវយកចិត្តទុកប្រើប្រាស់សមត្ថភាពជំនាញខ្លួន បង្ហាត់បង្រៀនផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៏ល្អៗជូនដល់សិក្ខាកាម

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តន៍តាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០២២ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ការិយាល័យហិរញ្ញវត្ថុ កងទ័ពជើងគោក បានដាក់ចេញនូវផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០២២ របស់ខ្លួន ដោយនៅថ្ងៃទី៣ ខែតុលាឆ្នាំ២០២២នេះ បានដំណើរការបើកវគ្គបំប៉នជំនាញហិរញ្ញវត្ថុ និងផ្សព្វផ្សាយការងារអនុវត្តន៍ថវិកា តាមកម្មវិធីជំនាន់ទី១ កងទ័ពជើងគោក ប្រចាំឆ្នាំ២០២២ ជូនដល់យោធិនចំណុៈបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការរង កងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក រាជធានីភ្នំពេញ 

 របាយការណ៏បើកវគ្គដែលផ្តល់ដោយឧត្តមសេនីយ៍ទោ សុខ ភុនសំបូរ សេនាធិការរង នាយការិយាល័យហិរញ្ញវត្ថុកងទ័ពជើងគោកបានឲ្យដឹងថា៖ តាមសច្ចាប័នលេខ ០១០/២០២២ / ផ.ក ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ របស់មេបញ្ជាការកងទ័ពជើងគោក  ស្តីពីការងារហ្វឹកហ្វឺនកងទ័ពជើងគោកឆ្នាំ២០២២ ការិយាល័យហិរញ្ញវត្ថុ កងទ័ពជើងគោក បានដំណើរការបើកវគ្គបំប៉នជំនាញហិរញ្ញវត្ថុកងទ័ពជើងគោក និងផ្សព្វផ្សាយការងារអនុវត្តន៍ថវិកាតាមកម្មវិធីជំនាន់ទី១ កងទ័ពជើងគោក ឆ្នាំ២០២២ ជូន នាយទាហាន នាយទាហានរង និង លទាហាន បញ្ជាការដ្ឋានកងទ័ពជើងគោក ។ 

ចំពោះវគ្គបំប៉នជំនាញហិរញ្ញវត្ថុកងទ័ពជើងគោក ឆ្នាំ២០២២នេះសិក្សារយៈពេល ៣១ថ្ងៃ ចាប់បើកពីថ្ងៃទី៣ ខែតុលា រហូតដល់ថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០២២ ។ មានសមាសភាពកម្មសិក្សាការីចូលរួមរៀនសូត្រចំនួន ៥៥នាក់ សិក្ខាកាមចំនួន ៥០នាក់ គ្រូយោធាចារ្យចំនួន ៥នាក់។ មកពីបណ្តាកងឯកភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ។ សិក្សាខ្លឹមសារមេរៀន រួមមាន៖ អប់រំចិត្តសាស្ត្រ គ្រប់គ្រងបើកចែក និងគណនេយ្យ ។

 អញ្ជើញមានប្រសាសន៍ លោក កែន តារា  បានចាត់ទុកថា ដំណើរការបើកវគ្គបំប៉នជំនាញហិរញ្ញវត្ថុ កងទ័ពជើងគោក ពិតជាបានចូលរួមលើកកម្ពស់ និងបង្កើនសមត្ថភាព ប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ សំដៅបង្កគ្រប់លទ្ធភាពជូនគ្រប់កងឯកភាព ក៏ដូចជានាយទាហាន  នាយទាហានរង និងពលទាហាន កងទ័ពជើងគោក  លើជំនាញហិរញ្ញវត្ថុ រួមចំណែកការលើកកម្ពស់ និងពង្រឹងមូលដ្ឋានសមត្ថភាព យល់ដឹងឲ្យបានច្បាស់លាស់ មានប្រសិទ្ធិភាពក្នុងការអនុវត្តការងារជំនាញហិរញ្ញវត្ថុ ក្នុងកងយោធពលខេមរភូមិន្ទ និងលើកកម្ពស់ការយល់ដឹង កំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងតួនាទីភារកិច្ចរបស់ការងារហិរញ្ញវត្ថុ ក្នុងការបម្រើឲ្យអង្គភាពទ័ពទាំងមូល ។

លោក កែន តារា ក៏បានបន្ថែមទៀតថា ៖ ជំនាញនេះក៏បានដើរតួនាទីយ៉ាងសំខាន់ ដោយធ្វើជាសេនាធិការឲ្យមេបញ្ជាការកងទ័ពជើងគោក ក្នុងការដឹកនាំចាត់ចែង ការគ្រប់គ្រង បើកចែក កសាងផែនការតម្រូវការថវិកា និងប្រើប្រាស់ធនធានហិរញ្ញវត្ថុ ស្វែងរកយន្តការ ដំណោះស្រាយ លើកកម្ពស់ការងារហិរញ្ញវត្ថុ ធានាបើកផ្តល់ថវិកា ទាន់ពេលវេលាជូនកងទ័ពក្នុងការបំពេញភារកិច្ចយោធា និងកិច្ចការពារជាតិ ពិសេសតាមកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈឲ្យស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ។

លោក កែន តារា បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ពីគ្រូយោធាចារ្យ ត្រូវបង្កើនយកចិត្តទុកដាក់រៀនសូត្រឲ្យអស់ពីសមត្ថភាពខ្លួន ត្រូវគោរពឲ្យបាននូវវិន័យ បទបញ្ជាផ្ទៃក្នុងវគ្គឲ្យបានល្អ ត្រូវយកអស់កម្លាំងកាយចិត្តខិតខំរៀនសូត្រ ដើម្បីប្រែក្លាយជានាយទាហានដែលមានសមត្ថភាពពេញលេញ គុណភាព និងជាក់លាក់ ជារបងការពារជាតិរឹងមាំ ។  ចំពោះគ្រូយោធាចារ្យត្រូវយកចិត្តទុកប្រើប្រាស់សមត្ថភាពជំនាញខ្លួន បង្ហាត់បង្រៀនផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៏ល្អៗជូនដល់សិក្ខាកាមងាយយល់សង្ឃឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធលល្អប្រសើរ៕

ដោយ​៖សហការី​


ចែករំលែក៖