ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ ​៖ រកឃើញអដ្ឋិធាតុកងទ័ពវៀតណាមសរុបជាង២ម៉ឺនធាតុក្នុងសម័យសង្គ្រាមនៅកម្ពុជា​ គិតមកដល់ពេលនេះ!

ចែករំលែក៖

ភ្នំពេញ៖ គិតចាប់តាំងពីឆ្នាំ២០០២ ដល់​ឆ្នាំ២០២២នេះ កិច្ចសហការរុករកអដ្ឋិធាតុកងទ័ពប្រជាជនវៀតណាម នៅក្នុងប្រទេសកម្ពុជា បានរកឃើញអដ្ឋិធាតុសរុប ២៣.០៧៤ធាតុ ដែលអដ្ឋិធាតុទាំងនោះ ត្រូវបានរកឃើញដោយ ៦យោធភូមិភាគ​។ នេះបេីយោង​តាមការបញ្ជាក់ពី​លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែង​ឱ្យ​ដឹង​នៅថ្ងៃចន្ទទី​០៣​ ខែតុលា​ ឆ្នាំ​២០២២។

លោកអ្នកនាំពាក្យ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ យោធភូមិភាគទាំង៦នោះ រួមមាន៖ យោធភូមិភាគពិសេស រកឃើញ ២០០៧ធាតុ យោធភូមិភាគទី១ រកឃើញ២២៤១ធាតុ យោធភូមិភាគទី២ រកឃើញ ៨១៥៣ធាតុ យោធភូមិទី៣ រកឃើញ ៤១៧១ធាតុ យោធភូមិភាគទី៤ រកឃើញ២៧៩៤ធាតុ យោធភូមិភាគទី៥ រកឃើញ៣៧០៨ធាតុ។

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ​ បានគូសបញ្ជាក់បន្ថែមថា បន្ទាប់ពីបានរកឃើញ រហូតដល់ពេលនេះ អដ្ឋិធាតុកងទ័ពប្រជាជនវៀតណាម ជាបន្តបន្ទាប់ត្រូវបានភាគីកម្ពុជា ប្រគល់ជូនភាគីវៀតណាមផងដែរ។ 

សូមជម្រាបថា​ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០០​​ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្តីពីការរុករកការប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលី ក្នុងសម័យសង្រ្គាមនៅប្រទេសកម្ពុជា៕ ដោយ​៖សហការី​

រូបភាព​៖ឯកសារ​ ការដង្ហែអដិ្ឋធាតុ នៃយុទ្ធជនពលីវៀតណាមចំនួន១៨ ពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ស្រុក ដឹកកឺ ខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ កន្លងទៅ


ចែករំលែក៖