ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី ទទួលជួបសម្តែងការគួរសមរបស់ លោកស្រី Michelle Chan លេខាធិការរង ទទួលបន្ទុក តំបន់អាស៊ីអាគ្នេយ៍ និងកិច្ចសហប្រតិបត្តិការសកល

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានទទួលជួបសម្តែងការគួរសមរបស់ លោកស្រី Michelle Chan   លេខាធិការរង ទទួលបន្ទុក តំបន់អាស៊ីអាគ្នេយ៍ និងកិច្ចសហប្រតិបត្តិការសកល នៃក្រសួងការបរទេសនិងពាណិជ្ជកម្ម និងជាឧត្តមមន្ត្រីអាស៊ានរបស់អូស្ត្រាលី។ 

សូមបញ្ជាក់ថា, នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អមដោយលោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការ និងថ្នាក់ដឹកនាំបានទទួលជួបសម្តែងការគួរសមរបស់ លោកស្រី Michelle Chan   លេខាធិការរង ទទួលបន្ទុក តំបន់អាស៊ីអាគ្នេយ៍ និងកិច្ចសហប្រតិបត្តិការសកល នៃក្រសួងការបរទេសនិងពាណិជ្ជកម្ម និងជាឧត្តមមន្ត្រីអាស៊ានរបស់អូស្ត្រាលី។

ក្នុងកិច្ចជំនួបនេះ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចសហការល្អរវាង ក្រសួងកិច្ចការនារី និងស្ថានទូតអូស្ត្រាលីនៅកម្ពុជារួមមាន៖

១. ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក ពិសេសលើកម្មវិធីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដោយទទួលបានលទ្ធផលល្អ ហើយយើងនឹងបន្តកម្មវិធីនេះទៀត ដោយផ្តោតលើការពង្រឹងសមត្ថភាពអ្នកអនុវត្តច្បាប់

២. ការផ្សារភ្ជាប់ស្ត្រីទៅនឹងពិភពលោក តាមរយៈការផ្សាព្វផ្សាយជំរុញឱ្យស្ត្រីដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅរៀននៅអូស្រ្តាលី និងយុទ្ធនាការលើកកម្ពស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ យើងនឹងបន្តអនុវត្តកម្មវិធីនេះ ព្រោះការអប់រំមានសារសំខាន់ណាស់សម្រាប់ស្ត្រី

៣. អូស្ត្រាលីបានគាំទ្រ យើងក្នុងការរៀបចំ សិក្ខាសាលាអន្តរជាតិស្តីពីអាស៊ី-អឺរ៉ុប (ASEM) ក្នុងឆ្នាំ 2021 ដែលសិក្ខាសាលានេះប្រព្រឹត្តទៅដោយជោគជ័យ ហើយយើងបានបញ្ជ្រាបរបៀបវារៈ ស្តីពី ស្ត្រី និងសន្តិភាព ទៅក្នុងកម្មវិធីរបស់ ASEM ។

៤. ការគាំទ្រ យើងរៀបចំវេទិកា ស្ត្រីសហគ្រិនអាស៊ាន

៥. គាំទ្រយើងរៀបចំ «កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២» នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងពីគម្រោងអាទិភាពសំខាន់ៗរបស់ក្រសួងកិច្ចការនារីដែលរួមមាន៖

១.  បន្តការលើកកម្ពស់សិទ្ធិស្ត្រី និង ការទប់ស្កាត់អំពើហឹង្សាទាក់ទងយេនឌ័រ (GBV)

២. បន្តពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី (WEE) ដោយធ្វើការផ្សារភ្ជាប់រវាង ការទប់ស្កាត់អំពើហឹង្សាទាក់ទងយេនឌ័រ (GBV) និង ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី (WEE) ដោយផ្តោតលើការយល់ដឹងលើជំនាញបច្ចេកវិទ្យា ព្រមទាំងការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីដែលរស់នៅតំបន់ជនបទ និងទីប្រជុំជន។ យើងក៏ចង់រៀនសូត្របទពិសោធន៍ល្អៗរបស់ប្រទេសអូស្ត្រាលីផងដែរ។

លោកស្រី Michelle Chan បានសម្តែងនូវការកោតសរសើរចំពោះលទ្ធផលការងារនិងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកិច្ចការនារីលើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតអូស្ត្រាលីលើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី។ ដោយកម្មវិធី ACCESS នឹងបញ្ចប់នៅឆ្នាំក្រោយ និងបន្តរៀបចំកម្មវិធីបន្តទៀត ហើយគេនឹងបន្តគាំទ្រការងារនៅថ្នាក់ខេត្តដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការអភិវឌ្ឍសមត្ថភាពក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រដើម្បីឱ្យក្រុមការងារនេះបំពេញមុខងារកាន់តែប្រសើរជាងមុន។ ចុងក្រោយ លោកស្រី Michelle Chan បានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីនឹងបន្តកិច្ចសហការបន្ថែមទៀតលើការងារអាទិភាពមួយចំនួនទៀតជាមួយក្រសួងកិច្ចការនារី ៕

ដោយ ៖ សហការី


ចែករំលែក៖