ខេត្តសៀមរាប៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន នៅរសៀលថ្ងៃព្រហស្បតិ៍្តទី០៦ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោក វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ដ្រក្រសួងបរិស្ថាន បានលើកឡើងថា៖ កិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានដំណើរពេញ១ថ្ងៃ កាលពីថ្ងៃពុធ ទី៥ ខែតុលាម្សិលមិញនេះ នៅខេត្តសៀមរាប ដោយបានអនុម័តលើវឌ្ឍនភាព និងលទ្ធផលការងារសម្រេចបាន ក្នុងក្របខ័ណ្ឌតំបន់ ទៅតាមរយៈយន្តការ របស់ក្រុមការងារបច្ចេកទេសអាស៊ាននីមួយៗ។
ក្រសួងបរិស្ថាន បានបន្ថែមថា ជាពិសេស នៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន បានឯកភាពលើសេចក្តីព្រាងប្រកាសរួមអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា កិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានឆ្នាំ២០២២នេះ នឹងលើកយកប្រធានបទសំខាន់ៗ មកពិនិត្យ និងពិភាក្សារួមមាន៖ ការអភិរក្សជីវៈចម្រុះ និងធម្មជាតិ ការគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរនិងសមុទ្រ ការគ្រប់គ្រងធនធានទឹក ទីក្រុងនិរន្តរភាពបរិស្ថាន ការប្រែប្រួលអាកាសធាតុ សារធាតុគីមី និងសំណល់ អប់រំបរិស្ថាន ផលិតកម្ម និងការប្រើប្រាស់ដោយនិរន្តរភាព ការបំពុលបរិស្ថានផ្សែងអ័ព្ទឆ្លងដែន និងបញ្ហាបរិស្ថានសកល។
បន្ទាប់មកលទ្ធផល នៃកិច្ចប្រជុំទាំងអស់នេះ ក៏នឹងដាក់ឆ្លងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន ពិនិត្យនិងអនុម័ត នាឆ្នាំ២០២៣ ខាងមុខ ដែលគ្រោងរៀបចំឡើងនៅប្រទេសឡាវ៕
ដោយ៖សហការី