ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ ស៊ុន សុផាន់ មេបញ្ជាការតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥ អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងកសិកម្ម ជំនាន់ទី១ នៅតំបន់អភិវឌ្ឍន៍ ភ្នំឆ័ត្រ ស្ថិតនៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
របាយការណ៍បញ្ចប់វគ្គបានឱ្យដឹងថា ក្រោមការត្រួតពិនិត្យវាយតម្លៃរបស់ក្រុមការងារគ្រប់គ្រង គ្រូយោធាចារ្យ គ្រូឧទ្ទេសនាមវគ្គ ស្តីពីលទ្ធផលពេលបញ្ចប់វគ្គ រួមមាន និទ្ទេសល្អ ចំនួន ១៣រូប និទ្ទេសល្អបង្គួរ ចំនួន ១១រូប និងនិទ្ទេសមធ្យម ចំនួន ៦រូប។ សិក្សាលើខ្លឹមសាររួមមាន វិធីផលិតមេជីអ៊ីអឹម (EM) ផលិតជីសំណល់ផ្ទះបាយ ផលិតជីគោក វិធីធ្វើថ្នាំកំចាត់សត្វល្អិត វិធីបណ្តុះផ្សិត វិធីដាំដូង និងលំហាត់របៀប។ មានសិក្ខាកាមសរុប ចំនួន ៣០នាក់ ចំណុះអង្គភាពតំបន់អភិវឌ្ឍន៍។
លោកមេបញ្ជាការ បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងកសិកម្ម ជំនាន់ទី១ ដែលបានធ្វើពិធីបិទនាឱកាសនេះ ជាលទ្ធផលប្រកបដោយផ្លែផ្កា និងផលវិជ្ជមាន ទៅតាមការរំពឹងទុក ព្រមទាំងបានឆ្លុះបញ្ចាំង ឱ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើ មួយពិតប្រាកដ និងជាក់លាក់ដល់យោធិន នៃកងយោធពលខេមរភូមិន្ទ និយាយរួម និយាយដោយឡែកសម្រាប់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះតំបន់អភិវឌ្ឍន៍ បានទទួលចំណេះដឹង លើការងារបច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាឱកាសសម្រាប់ កងទ័ពមានពេលវេលាហ្វឹកហ្វឺនរៀនសូត្រ នៅពេលដែលប្រទេសជាតិ កំពុងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃត្រឹមត្រូវ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកមេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គ្រូឧទ្ទេសនាម ដែលបានខិតខំបង្ហាត់បង្រៀន ដោយយកចិត្តទុកដាក់ ធ្វើឱ្យដំណើរការបញ្ចប់ប្រកបដោយ ប្រសិទ្ធភាពខ្ពស់។
លោកមេបញ្ជាការ បានផ្តាំផ្ញើ ដល់សិក្ខាកាម ដែលទើបបញ្ចប់វគ្គនាពេលនេះ ត្រូវយកចំណេះដឹង ពីការរៀនសូត្រទៅបំរើអង្គភាព និងផ្សព្វផ្សាយយោធិនរួមអាជីព បន្តខិតខំស្រាវជ្រាវឯកសារបន្ថែមទៀត ពង្រីកសកម្មភាពអភិវឌ្ឍន៍ ឱ្យមានការរីកចម្រើនក្នុងអង្គភាព ក៏ដូចជាជីវភាពរស់នៅ តាមគ្រួសាររបស់ខ្លួន សំដៅរួមចំណែកកសាងលើកស្ទួយសេដ្ឋកិច្ចជាតិ និងប្រែក្លាយចំណេះដឹងខ្លួនឯងផងដែរ។
ជាចុងក្រោយ លោកមេបញ្ជាការ បានអញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងប្រកាសបិទវគ្គហ្វឹកហ្វឺន ចាប់ពីពេលនេះតទៅ៕
ដោយ ៖ សហការី