ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការនិងដឹកជញ្ជូន : “យានយន្តគ្រប់ប្រភេទ មិនត្រូវបើកបរបញ្ច្រាសទិសចរាចរណ៍ជាដាច់ខាត”

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ហើយបញ្ជាក់ទៀត គឺតម្រូវឱ្យ : “យានយន្តគ្រប់ប្រភេទ មិនត្រូវបើកបរបញ្ច្រាសទិសចរាចរណ៍ជាដាច់ខាត” ប៉ុន្តែបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនតូច ដឹងដែរ ឬធ្វើមិនដឹងទេ បើកបញ្រ្ចាសទិសប្រថុយគ្រោះថ្នាក់បំផុត។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបានជ្រាបថា នៅគ្រប់ស្ថានភាពផ្លូវ ជាពិសេសផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទបើកបរបញ្ច្រាសទិសចរាចរណ៍ឡើយ។

សូមបញ្ជាក់ផងដែរថា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ និងមានគន្លងច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ និងបត់ត្រលប់ក្រោយឡើយ។ ក្នុងករណីបត់ត្រឡប់ក្រោយលើផ្លូវល្បឿនលឿន ដាច់ខាតអ្នកបើកបរត្រូវប្រើប្រាស់ច្រកចេញ-ចូល តាមស្ថានីយទាំង៨ទីតាំង ដើម្បីបត់ត្រឡប់ក្រោយ។

ក្រសួងសង្ឃឹមយ៉ាងមុតមាំថា អ្នកបើកបរគ្រប់រូបនឹងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងសេចក្ដីណែនាំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អក្នុងការធ្វើដំណើរ។

«សូមបើកបរដោយស្មារតីទទួលខុសត្រូវ»

«ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ៕

ដោយ ៖ សិលា


ចែករំលែក៖