ព័ត៌មានទាន់ហេតុការណ៍៖

ថៃជាប្រទេសមានពលរដ្ឋប្រើប្រាស់កាំភ្លើងច្រើនបំផុតនៅលើពិភពលោក

ចែករំលែក៖

ពលរដ្ឋថៃជាច្រើនបានលើកឡើងថា ពួកគេពិតជាតក់ស្លុតខ្លាំងណាស់ចំពោះសោកនាដកម្មដែលទើបតែកើតឡើងនៅក្នុងប្រទេសរបស់ពួកគេដោយការបាញ់ប្រហារទៅលើមជ្ឈមណ្ឌលថែទាំកុមារនៅក្នុងប្រទេសថៃ។ ចំនួនអ្នកប្រើប្រាស់កាំភ្លើងនៅក្នុងប្រទេសថៃមានខ្ពស់បំផុតបើប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទាំងនោះជាមូលហេតុបណ្តាលឱ្យមានអំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើងកើនឡើងខ្ពស់ប៉ុន្មានឆ្នាំចុងក្រោយនេះ។
កាលពីខែមុនមានករណីបាញ់ប្រហារនៅទីតាំងបណ្តុះបណ្តាលទាហានក្នុងទីក្រុងបាងកកបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និងម្នាក់រងរបួស។ ខ្មាន់កាំភ្លើងគឺជាយោធាដែលមានបញ្ហាសរសៃប្រសាទ។
នៅខែកុម្ភៈឆ្នាំ២០២០ ទាហានថៃម្នាក់ក៏បានបាញ់ប្រហារសម្លាប់មនុស្ស២៩នាក់ និង៥៧នាក់រងរបួស ។ ទាហានរូបនោះបានបាញ់សម្លាប់មេរបស់ខ្លួនរួចទៅបាញ់ប្រហារនៅក្នុងផ្សារទំនើប។
អំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើងតែងតែកើតឡើងនៅក្នុងប្រទេសថៃ ដោយភាគច្រើនគឺពាក់ព័ន្ធក្រុមបងធំ និងវិវាទបុគ្គល ។
ពាក់ព័ន្ធច្បាប់គ្រាប់គ្រងអាវុធ ជាតិផ្ទុះនៅក្នុងប្រទេសថៃ ឆ្នាំ១៩៤៧ ត្រូវបានកែតម្រូវលើកចុងក្រោយនៅឆ្នាំ២០១៤ ដោយបានហាមប្រាមអ្នកប្រើប្រាស់កាំភ្លើងគ្មានច្បាប់អនុញ្ញាត។ ច្បាប់ក៏បានកំណត់ពីការដាក់ទោសជាប់គុកដល់អ្នកដែលប្រើប្រាស់អាវុធខុសច្បាប់ផងដែរ។ ប៉ុន្តែពលរដ្ឋថៃងាយស្រួលនៅក្នុងការទិញនិងប្រើប្រាស់កាំភ្លើងដោយសេរី។
ចំណុចខាងលើបានធ្វើឱ្យប្រទេសថៃ ក្លាយទៅជាប្រទេសមានចំនួនពលរដ្ឋប្រើប្រាស់កាំភ្លើងខ្ពស់បំផុតនៅលើពិភពលោក៕

រូប​ថត​ ៖​ nhandan

ដោយ៖ ធីរីណា(រូប​ថត​៖ AFP)


ចែករំលែក៖