ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុមឆក់កាបូបមិនមានសម្រេច បណ្ដាលឱ្យស្ត្រី២នាក់ដួលរងរបួសធ្ងន់ស្រាល នៅគល់ស្ពានអាកាសស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីពីរនាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីមានជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់យកថង់ដែលភ្ជួរនៅករម៉ូតូមិនបានសម្រេចបណ្ដាលឱ្យដួល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

     តាមស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា ដំបូងឡើយគាត់ជិះម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1S.3727ឌុបគ្នាតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមាន៥នាក់ជិះម៉ូតូបីគ្រឿងម៉ូតូមួយគ្រឿងម៉ាកស្គូពី នឹង២គ្រឿងទៀតម៉ាកឌ្រីម C125 មិនចាំស្លាកលេខ បានមកកៀកហើយធ្វើសកម្មភាពឆក់ថង់ដាក់សម្ភារៈរបស់គាត់ដែលភ្ជួរនៅករម៉ូតូ និងធាក់បណ្តាលឲ្យគាត់ដួលរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់។ ក្រោយពីធ្វើសកម្មភាពមិនបានសម្រេចរួចហើយ ពួកគេក៏បានជិះម៉ូតូឡើងលើស្ពានស្ទឹងមានជ័យគេចខ្លួនបាត់ស្រមោលមិនរំខានដល់សមត្ថកិច្ចឡើយ។

     ក្រោយពីកើតហេតុ ជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ ដោយស្ត្រីរងគ្រោះទាំងពីរនាក់បានហៅឡំប្រឺតា ដឹកទៅមន្ទីរពេទ្យរុស្ស៊ីដើម្បីព្យាបាលរបួស។ចំណែកឯថង់ដែលត្រូវជនសង្ស័យឆក់ មិនបានសម្រេច គឺមានទឹកប្រទាលក្រពើមួយដបនិងឆ្នាំងសាកទូរស័ព្ទមួយគ្រឿងប៉ុណ្ណោះ ។ 

     ជាមួយគ្នានោះ ក៏ប្រជាពលរដ្ឋម្នាក់រស់នៅតំបន់នោះបានសំណូមពរ ដល់អាជ្ញាធរ ឬសមត្ថកិច្ចជំនាញមេត្តាជួយដាក់កម្លាំងសមត្ថកិច្ចលល្បាតពេលល្ងាចនិងពេលទៀបភ្លឺផងព្រោះករណីឆក់នៅបរិវេណស្ពានស្ទឹងមានជ័យ នៅតែកើតមានឡើងស្ទើររាល់ថ្ងៃ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖