ភ្នំពេញ៖ ទំនាស់ឆ្លើយឆ្លងជាពាក្យសម្តីរវាងតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម និងប្អូនស្រី អ្នកនាង ខាត់ ស្រីវង នឹងអាណិកជនខ្មែរនិងជាអ្នករៀបចំប្រគុំតន្ត្រីនៅសហរដ្ឋអាមេរិកលោក អ៊ុយ ដារុន កាន់តែរីកធំក្រោយពីភាគីទាំងសងខាងបានប្រើប្រាស់បណ្តាញសង្គម និងវេទិការសារព័ត៌មានដើម្បីបញ្ចេញយោបល់ចោទប្រកាន់គ្នាទៅវិញទៅមក។
មុននេះអ្នកនាង ខាត់ សុឃីម និងប្អូនស្រី បានចោទប្រកាន់ទៅកាន់អ្នករៀបចំកម្មវិធីថាគ្មានទំនួលខុសត្រូវ និងបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យមកកាន់នាងនិងគ្រួសារដែលនាងចាត់ទុកថាជាការមើលងាយ ខណៈដែលអ្នកផលិតកម្មវិធីបានលើកឡើងពីការខ្វះការយោគយល់ទៅកាន់អ្នកផលិតកម្មវិធីដែលបានជួយកន្លងមក។ ទោះជាយ៉ាងណានៅថ្ងៃនេះដែរ គេបានឃើញអ្នកនាង ខាត់ សុឃីម និងស្វាមីបានចេញមុខធ្វើការបញ្ជាក់បន្ថែមក្រោយពីលោក អ៊ុយ ដារុន ត្រូវបានដកស្រង់សម្តីដោយអ្នកសារព័ត៌មាន។ ក្រៅពីចេញមកបដិសេធនិងការពារភាពស្អាតស្អំរបស់ខ្លួន អ្នកនាង ខាត់ សុឃីម បានលើកឡើងពីគុណតម្លៃដែលនាង និងគ្រួសារមានកន្លងមកហើយត្រូវបានប្រជាពលរដ្ឋខ្មែរឲ្យតម្លៃ ដែលមិនគួរណាត្រូវបានអ្នកផលិតកម្មវិធីជាជនជាតិខ្មែរដូចគ្នាមើលងាយ ។ នាងបានលើកឡើងដោយស្នើឲ្យភាគីម្ខាងទៀតបញ្ចប់ការបង្ហោះសារ លើបណ្តាញសង្គម ហើយនាងស្នើឲ្យទស្សនិកជនជាអ្នកវាយតម្លៃមកលើកអត្តចរិក សមត្ថភាពសិល្បៈរបស់នាងនិងក្រុមគ្រួសារហើយប្រសិនបើទស្សនិកជនយល់ថាអ្នកនាងគ្មានតម្លៃ ឈប់គាំទ្រ អាចស្នើមកនាងបានហើយនាងនឹងបញ្ចប់ការងារសិល្បៈភ្លាម។ គេដឹងថាការបញ្ជាក់នេះត្រូវបានធ្វើឡើងទាំងអារម្មណ៍តូចចិត្ត ហើយនាងបានសម្រក់ទឹកភ្នែកលើបញ្ហានេះ។ ទោះជាយ៉ាងណានេះគឺជាលើកដំបូងហើយដែលគេបានឃើញតារាស្រីរូបនេះសម្រសក់ទឹកភ្នែក និងបញ្ចេញអារម្មណ៍តូចចិត្តនៅលើបណ្តាញសង្គម។
ក្នុងនេះដែរគេសង្កេតឃើញមានអ្នកគាំទ្រ នាងជាច្រើនបានបញ្ចេញសារលើកទឹកចិត្ត ឲ្យនាងបន្តប្រឹងប្រែងលើវិស័យសិល្បៈបន្តទៀតដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជនព្រោះទស្សនិកជនជាច្រើននៅតែអាណិតស្រលាញ់ពេញចិត្តទាំងការងារសិល្បៈ និងអត្តចរិករបស់នាងពីដើមរហូតដល់បច្ចុប្បន្នគឺគ្មានថ្ងៃប្រែឡើយ៕
ដោយ៖ វឌ្ឍនា