ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ផ្តល់ទូកការណូត និងអាវពោងសុវត្ថិភាពជូន​បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះធម្មជាតិ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០២២​ លោក ឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​ចាត់​ក្រុម​កា​រងារ​ នាំយក​នូវ​កាណូត​ចំនួន​ ៤​គ្រឿង​ និង​អាវពោង​សុវត្ថិភាព​ចំនួន​ ២០០​អាវ​ មក​ប្រគល់​ជូន​បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ សម្រាប់​សកម្មភាព​ក្នុង​បេសកកម្ម​ផ្សេងៗ​តាម​បទ​បញ្ជា​  និង​ពិសេស​ក្នុង​សកម្មភាព​មនុស្សធម៌​បម្រើ​ប្រជាជន​ដែល​កំពុង​រងផលប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​ជំនន់​ទឹក​ភ្លៀង​ នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្តកំពង់​ធំ​ ។ 

លោក​ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​បាន​សូម​គោរព​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ចំចំពោះ លោកឧត្ដមសេនីយ៍​ឯក​ហ៊ុន​ ម៉ាណែត​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ដែល​ជានិច្ចកាល​តែងតែ​យក​ចិត្ត​ទុកដាក់​គិតគូរ​ខ្ពស់​ដល់​សុខ​ទុក្ខ​របស់​ប្រជាជន​ ពិសេស​ក្នុង​កាលៈទេសៈ​ដែល​ប្រជាជន​មួយ​ចំនួន​នៅ​ខេត្តកំពង់​ធំ​ កំពុង​ទទួល​រង​ផលប៉ះពាល់​ដោយ​គ្រោះ​ទឹក​ជំនន់​ ។ 

លោកឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ និងក្រុម​ការ​ងារ​របស់​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​ចាត់​ថ្នាក់​ដឹកនាំ​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ នាំ​យក​កាណូត​ទាំង​ចំនួន​ ៤​ គ្រឿង​ នេះ​ទៅ​ប្រគល់​ជូន​ផ្នែក​សឹក​រង​ស្ទោង​ និងផ្នែក​សឹក​រង​កំពង់​ស្វាយ​ ដេីម្បី​រៀបចំការងារបច្ចេកទេស​ ដេីម្បី​បេសកកម្ម​បម្រើ​ប្រជាជន​ឲ្យ​មាន​ប្រសិទ្ធភាព​ និង​ទាន់​ពេល​វេលា​ ៕

ដោយ : សហការី


ចែករំលែក៖