ព័ត៌មានទាន់ហេតុការណ៍៖

នៅម៉ោង៦ព្រឹកនេះ ! ជាប្រតិបត្តិការរុករកសពក្មេងប្រុសដែលបាត់ខ្លួន ក្នុងឧបទ្ទវហេតុលិចទូក នៅស្រុកលើកដែកបានបញ្ចប់ សពចុងក្រោយ ខណៈរកឃើញហើយ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នេះ ប្រតិបត្តិការរុករកសពក្មេងប្រុសម្នាក់ដែលបាន់ខ្លួន ក្នុងឧបទ្ទវហេតុលិចទូក នៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានបញ្ចប់ហើយ ដោយសពក្មេងប្រុសម្នាក់ចុងក្រោយ ត្រូវបានកម្លាំងសមត្ថកិច្ចរុករកឃើញហើយ នៅម៉ោងប្រមាណ៦ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា ៖ សពក្មេងប្រុសចុងក្រោយដែលរកឃើញនេះ មានឈ្មោះ មាស សុវណ្ណរាជ អាយុ ១៤ឆ្នាំ។

សូមជម្រាបជូនថា នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានកើតមានករណីលិចទូកដ៏តក់ស្លុតមួយ ពេលពួកគេឆ្លងទូកចេញពីសាលាទៅកាន់លំនៅឋានរបស់ពួកគេ នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ប្រជាពលរដ្ឋបានអះអាងថា ទីតាំងដែលលិចទឹកនេះ នៅរដូវប្រាំងទឹកគោកប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ទៅមកបាន។ ក្នុងរដូវវស្សាពីរ៣ឆ្នាំកន្លងមកនេះ មិនដែលមានលិចបែបនេះឡើយ។ ទើបតែរដូវវស្សាឆ្នាំនេះ ទឹកបានឡើងលិចបង្កើតជាឧបសគ្គសម្រាប់ការធ្វើដំណើ របស់ពលរដ្ឋលើលើកោះចម្រើន។ បើតាមប្រជាពលរដ្ឋទីតាំងដែលទូកលិចនោះ មានជម្រៅប្រមាណប្រមាណតែ៣ម៉ែត្រប៉ុណ្ណោះ។

ក្រោយពេលកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងនគរបាលចុះរុករក ជនរងគ្រោះទាំងយប់។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាឱ្យអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយលោក គីម រីរៈ អគ្គលេខាធិការ នាំកម្លាំងចុះទៅសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ជួយរុករកក្មេងជួបគ្រោះលិចទូកចម្លងនៅក្នុងខេត្តកណ្តាលទាំងយប់ផង។

ក្នុងប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ទោ គីម សុផារុណ នាយរងសេនាធិការចម្រុះ និងជាអនុប្រធានកងប្រតិបត្តិការសង្គ្រោះ និងរុករក ក៏បានដឹកនាំកម្លាំងចូលរួមក្នុងប្រតិបត្តិការនេះផងដែរ។

សម្រាប់កិច្ចអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះដោយសារលិចទូកនេះ អង្គភាពគយ និងរដ្ឋាករសាខាខេត្តកណ្ដាល ក្រោមបញ្ជារបស់លោក អន ស៊ីនួន ក៏បានបញ្ចេញអ៊ូប័រ និងកម្លាំងរបស់លោកជាច្រើននាក់ ដើម្បីជួយសង្រ្គោះ និងដឹកអ្នកជួយសង្រ្គោះ ដឹកថ្នាក់ដឹកនាំផងដែរ ដែលនេះជាការសហការចូលរួមជួយរបស់អង្គភាពគយសាខាខេត្តកណ្ដាល ក្រោយទទួលដំណឹងភ្លាមៗ ពីអភិបាលស្រុកលើកដែកអំពីការលិចទូកដរនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីម្សិលមុិញ បានចូលរួមចំពោះទុក្ខដ៏សែនក្រៀមក្រំនេះ ដោយសម្តេចមានប្រសាសន៍លើផេកផ្លូវការថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ។

សូមសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះអោយបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។

សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។ » ដោយឡែកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពកុមាររងគ្រោះ និងជួយចាត់ចែងក្នុងកម្មវិធីបុណ្យក្នុង១សព ២០លានរៀល។ ក្រៅពីនោះមានថ្នាក់ដឹកនាំយើងជាច្រើនរូបទៀតបានជួយឧបត្ថម្ភជាបន្តបន្ទាប់ និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះផងដែរ ៕

ដោយ ៖ ស្អាងជ័យ


ចែករំលែក៖