ភ្នំពេញ ៖ លោក ហ៊ុយវណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានបង្ហោះសារយ៉ាងខ្លីថា, ខ្ញុំសូមរៀបរាប់ដោយសង្ខេប ក្នុងនាមជាប្រជាជនខ្មែរមួយរូប ហើយខ្ញុំពិតជាមានមោទនភាពជាមួយនឹងការរីចម្រើនថ្មីៗ នៅខេត្តព្រះសីហនុ ដ៏មានសក្តានុពលរបស់កម្ពុជា។ ខ្ញុំខានធ្វើដំណើរមកកាន់ទីនេះតាំងពីឆ្នាំ២០២០ ចាប់តាំងពីដំណាក់កាលផ្ទុះកូវីដ ហើយទើបតែមានឱកាសបានមកដល់ជាថ្មី នៅក្នុងសប្តាហ៍នេះ។ នៅលើប៉ូលសេដ្ឋកិច្ច ខ្ញុំអាចស្រមៃថា រយៈពេល ១០ឆ្នាំ ទៅ១៥ឆ្នាំ ខាងមុខ ខេត្តព្រះសីហនុ នឹងអាចរីកកាន់តែធំជាងនេះ៣ទៅ៥ដង ដោយសារកត្តាសត្យានុម័តមួយចំនួន៖
១/. ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និងផ្លូវ៣៧ខ្សែ ពិតជាការអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដែលបង្កលក្ខណៈឱ្យខេត្តព្រះសីហនុ បង្កើនការទាក់ទាញខាងប៉ូលសេដ្ឋកិច្ច និងពាណិជ្ជកម្ម កាន់តែខ្លាំងឡើង។
២/. ផ្លូវល្បឿនលឿន ជាកត្តាអំណោយផលដ៏មានប្រសិទ្ធភាព ក្នុងការតភ្ជាប់ខេត្តព្រះសីហនុ មកទីក្រុងភ្នំពេញ ដែលជាមជ្ឈមណ្ឌល នយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ យើងអាចធ្វើដំណើរត្រឹមតែ២ម៉ោងប៉ុណ្ណោះ ជាពិសេសសន្សំបានពេលវេលាដ៏មានតម្លៃ សម្រាប់ធ្វើកិច្ចការសំខាន់ៗបានលឿន។
៣/. ការរីកចម្រើនប្រកបដោយសក្តានុពល នៅខេត្តព្រះសីហនុ នាពេលនេះ ហើយដោយមិនទាន់រាប់បញ្ចូលនូវកោះ ឆ្នេរ ដទៃទៀតដ៏មានសក្តានុពល ផងនោះ ធ្វើឱ្យយើងក្នុងភាពជាខ្មែរម្ចាស់ប្រទេស មានទល្ហីករណ៍គ្រប់គ្រាន់ ក្នុងការទាត់ចោលបាននូវ «ទស្សនៈអវិជ្ជមានដែលបង្កប់របៀបវារៈនយោបាយ រួមទាំងការរិះគន់បន្តបន្ទាប់លើជ្រុងណាផ្សេង ដើម្បីផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់គេផងដែរ»។ បញ្ហាអវិជ្ជមានខ្លះ វាគ្រាន់តែជាជ្រុងនៃភាពបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែនៅលើជ្រុងសក្តានុពល គឺយើងមានធំធេងច្រើនខ្លាំងណាស់។ យើងត្រូវតែចងចាំថា គេវាយយើងឱ្យខ្សោយ។ បើយើងពិតជាខ្សោយមែន នោះគេនឹងជាន់ថែម។ តែបើយើងខ្លាំង គេនឹងងាកមកស្នើសុំសហការ។ រឿងនេះ ខ្មែរមិនឆោតទេ។ យើងត្រូវពង្រឹងខ្លួនយើងឱ្យខ្លាំង ទាំងលើវិស័យសន្តិសុខ និងខឿនការពារជាតិ។ និយាយឱ្យចំ គេយកលេសការព្រួយបារម្ភលើ បន្ទប់អគារតូច១ ដោយទាត់ចោលតម្លៃខ្មែរ១លាននាក់ ឬ១៧លាននាក់។ យើងត្រូវតែពិចារណាលើគំនិតរបស់គេ និងផលប្រយោជន៍ជាតិយើងផ្ទាល់ ប្រកបដោយហេតុនិងផល។ សេដ្ឋកិច្ចខេត្តព្រះសីហនុ បើរត់ពេញកម្លាំង គឺអាចបង្កើតការងារដ៏ច្រើនកន្លែងសម្រាប់ប្រជាជនកម្ពុជា ហើយចំណូលចាក់ចូលក្នុងជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិ នឹងកាន់តែធំ។
៤/. នៅលើជ្រុងដែលយើងត្រូវខិតខំបន្ត (ហើយខ្ញុំជឿជាក់ថា ក្រសួងជំនាញ បានកំពុងគិតគូររួចហើយ) គឺ៖
•រកវិធីដាក់ចេញនូវគោលនយោបាយអនុគ្រោះ ដើម្បីឱ្យការកសាងហេដ្ឋារចនាសម្ព័ន្ធ អគារដែលនៅសល់ បានបញ្ចប់រួចរាល់ និងអាចធ្វើអាជីវកម្មពេញកម្លាំង។
• ផ្លូវដែក ត្រូវតែរត់ពេញកម្លាំងជាងនេះ និងមានប្រសិទ្ធភាព ព្រោះជាសរសៃឈាមសេដ្ឋកិច្ច ដ៏រស់រវើក។
• បង្កើតភាពអនុគ្រោះដទៃទៀត ក្នុងរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីស្រូបយកការវិនិយោគពីបរទេសបន្ថែមទៀតឱ្យបាន។ ប្រជាជនយើងមិនត្រូវមានផ្នត់គំនិតរើសអើងថា វិនិយោគិននោះជាជនជាតិអ្វីនោះទេ សំខាន់គេគោរពច្បាប់របស់ប្រទេសយើង ហើយយើងអាចរក្សាចរន្តលុយ នៅក្នុងប្រទេសយើង។ យើងត្រូវហ៊ានទទួលស្គាល់ថា ពាណិជ្ជករក្នុងស្រុកយើង នៅមិនទាន់មានសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់ការបោះទន់ លើគម្រោងធំៗ ដែលជាឃ្នាស់សេដ្ឋកិច្ចនៅឡើយទេ។ យើងត្រូវការភាពចម្រុះ ដើម្បីរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម ឱ្យកាន់តែស្ទុះខ្លាំង។ ខ្ញុំបន្តទៀតទេ ប៉ុន្តែ យើងអាចនិយាយនូវប្រយោគថា «ខ្មែរធ្វើបាន» ដោយភាពជឿជាក់។ ទោះបីជាយ៉ាងណាក៏ដោយ ក្តីស្រមៃនៃភាពរុងរឿងនេះ មិនអាចកាត់ផ្តាច់ចេញពីកត្តា «សន្តិភាព» នោះទេ។ សន្តិភាព ជាឫលគល់ជំរុញនិងធានាការរីកលូតលាស់របស់សេដ្ឋកិច្ច ហើយ ខ្ញុំជឿជាក់ថា នៅពេលដែលខ្មែរយើង រំលឹកពីដំណាក់កាលរុងរឿងរបស់ប្រទេសខ្មែរយើង នោះសម័យកាលសម្តេចតេជោ ហ៊ុន សែន គឺជាដំណាក់កាលកម្ពុជារីកចម្រើនពិតប្រាកដ ហើយក៏ជាដំណាក់កាលមួយនៃចងចាំរបស់កម្ពុជាសម័យទំនើប៕
ដកស្រង់ពី : facebook លោករដ្ឋលេខាធិការ ហ៊ុយ វណ្ណៈ