គិតត្រឹមថ្ងៃទី១៥ខែតុលា ក្រុមជួយសង្គ្រោះតួកគីបានធ្វើការទាំងថ្ងៃទាំងយប់ដើម្បីស្វែងរកជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅក្នុងខេត្ត Bartin ភាគខាងជើងប្រទេសនេះ។ សាច់ញាតិបានមកទីតាំងអណ្តូងរ៉ែដើម្បីចាំស្តាប់ដំណឹង ពីសមជិកគ្រួសាររបស់ខ្លួន។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២បានឱ្យដឹងថា អាជ្ញាធរនៅក្នុងប្រទេសតួកគី បានឱ្យដឹងថាមានមនុស្សយ៉ាងហោចណាស់២៨នាក់បានស្លាប់ក្នុងហេតុការណ៍ផ្ទុះនៅឯអណ្ដូងរ៉ែងធ្យូងថ្មមួយកន្លែងកាលពីថ្ងៃ១៤ខែតុលា។
បើតាមអាជ្ញាធរតួកគី មនុស្ស ១១នាក់ក្នុងចំណោមកម្មករអណ្ដូងរ៉ែ៥៨នាក់ ដែលត្រូវបានជួយសង្រ្គោះនោះកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ខណៈដែល១៥នាក់ ទៀតត្រូវបានគេរាយការណ៍ថាកំពុងជាប់គាំងនៅក្នុងអណ្ដូងរ៉ែ។
ក្រុមអ្នកស៊ើបអង្កេតបានឱ្យដឹងជាបឋមថា ហេតុការណ៍ផ្ទុះនៅឯអណ្ដូងរ៉ែខាងលើអាចបង្កឡើងដោយឧស្ម័នមេតាន ហើយហេតុការណ៍ផ្ទុះនេះទៀតសោត កើតមានឡើងនៅចំពេលកម្មករប្រហែលជា១១០នាក់កំពុងស្ថិតនៅក្នុងអណ្ដូងរ៉ែ។ កាលពីឆ្នាំ២០១៤ កម្មករ ៣០១នាក់ បានបាត់បង់ជីវិតនៅក្នុងសោកនាដកម្មអណ្ដូងរ៉ែដ៏អាក្រក់បំផុតនៃប្រវត្តិសាស្ត្រតួកគី ដែលកើតឡើងនៅឯទីក្រុង សូម៉ា (Soma) ស្ថិតនៅចម្ងាយ ៣៥០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងអ៉ីស្ដង់ប៊ូល៕ ដោយ៖ ធីរីណា
រូបថត ៖ VOV.VN