ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបើកម៉ូតូមួយគ្រឿង វ៉ាជែង ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងកំពុងបើកបរបញ្ច្រាសទិសដៅគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១១ និង៥០នាទី ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះដែលស្លាប់មានឈ្មោះ ហៀន ទី ភេទប្រុស អាយុ ១៥ឆ្នាំ មានមុខរបរ ជាងជួសជុលធុងទឹករថយន្ត ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តព្រៃវែង។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង មិនចាំម៉ាក ពណ៌កណ្តុរប្រម៉េះ ពាក់ស្លាកលេខ ភ្នំពេញ 2BW-4555 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត ស្របពេលនោះ យុវជនម្នាក់ បើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1CS-0766 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសគ្នា ក្នុងល្បឿនយ៉ាងលឿន វ៉ាជែងចូលទៅចំណែកខាងផ្លូវម្ខាងរថយន្តជ្រុលចង្កូតទៅបុកយ៉ាងពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់ ជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ បន្ទាប់មកភ្លាមនោះ រថយន្តបានបើករត់បាត់ស្រមោលតែម្តង។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលរដ្ឋាន បានចុះដល់កន្លែងកើតហេតុ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សារទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯ សាកសពបន្ទាប់ពីសមត្ថកិច្ច ធ្វើកំណត់ហេតុរួចរាល់ ក៏ប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ភារ៉ា ដង្កោ