ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាកសិករប្រមាណជិត២០០០គ្រួសារ ទទួលបាន ស្រូវពូជជាង១០០តោន ពីសម្ដេចតេជោហ៊ុន សែន

ចែករំលែក៖

ខេត្តកំពង់ធំ៖ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ លោកបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ម៉ាន់ សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លោក ញឹក បានខេង អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត ម៉ាក់ ប៊ុនហុង បាននាំយកពូជស្រូវស្រាលOM៥៤៥១ មកជួយអន្តរាគមន៍ឲ្យទាន់ពេលវេលាដល់ប្រជាកសិករ ចំនួន ១៨៥៧គ្រួសារ មកពី៥ឃុំ នៃស្រុកសណ្តាន់ ខេត្តកំពង់ធំ។ 

       នាក្នុងឱកាសនេះ លោកព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំបានបញ្ជាក់ ជូនបងប្អូនប្រជាកសិករថា ការចែកពូជស្រូវថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល និងតាមការចង្អុលបង្ហាញផ្ទាល់ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មកចែកជូនបងប្អូនប្រជាកសិករ ដើម្បីស្តារផលិតកម្មស្បៀងឡើងវិញក្រោយពេលទឹកស្រកខាងមុខនេះ។ ដូច្នេះលោកបញ្ជាក់ថា នេះជាពូជស្រូវ មិនគួរយកទៅបុក ឬកិនយកអង្គរមកបរិភោគនោះទេ ផ្ទុយទៅវិញត្រូវយកទៅដាំដុះឲ្យបានទាន់ពេលវេលា ព្រោះជាពូជមិនប្រកាន់រដូវ និងអាយុកាលខ្លី។ លោកសង្ឃឹមថា បងប្អូននឹងយកពូជនេះទៅដាំដុះបានផលផ្លែផ្កា គ្រាន់ទុកជាស្បៀងសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ហើយក៏គួរដាំបន្លែ ដំណាំរួមផ្សំ និងចិញ្ចឹមមាន់ ឬត្រីបន្ថែមដើម្បីធានាសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលគ្រួសារ។ 

     លោកបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការណែនាំពីបច្ចេកទេសដល់ប្រជាពលរដ្ឋគ្រប់រូប នូវវិធីដាំដុះសំខាន់ដូចជាការការរៀបចំដី និងការប្រើប្រាស់គ្រាប់ពូជស្រូវឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីអាចដាំដុះឡើង វិញបានទាន់ពេលវេលា និងបានទិន្នផលខ្ពស់ ។

     ទន្ទឹមដែរលោក ម៉ាន់ សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ជាសេនាធិការរង់ចាំជួយជាគ្រាប់ពូជ និងបច្ចេកទេសឲ្យអស់លទ្ធភាពដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។ ដំណាំស្រូវ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថានីយផលិតគ្រាប់ពូជស្រូវ តាមរយ:ប្រព័ន្ធស្បៀងបម្រុងជាតិ ត្រៀមគ្រាប់ពូជស្រូវឲ្យបានគ្រប់គ្រាន់ សម្រាប់យកទៅចែកជូនប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់។

     យោងតាមរបាយការណ៍ពីអាជ្ញាធរស្រុកសណ្តាន់រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ ស្រុកសណ្តាន់ បានទទួលរងគ្រោះដោយសារទឹកជំនន់ ប៉ះពាល់ផ្ទះចំនួន ៣.៤៨៥ខ្នងផ្ទះ-ប៉ះពាល់សាលារៀន ចំនួន១៣សាលា- ជម្លៀសប្រជាពលរដ្ឋចំនួន ២៣៩គ្រួសារ ប៉ះពាល់ផ្លូវលំប្រវែង ៤១.១៤៩ម៉ែត្រ ផ្លូវកៅស៊ូប្រវែង ២.៤៥០ម៉ែត្រ ផ្លូវបេតុងប្រវែង ៣០០ម៉ែត្រ ប៉ះពាល់ស្រូវវស្សាចំនួន ២.៧៨១ហិកតា ៕

ដោយ៖ កែវមន្នី


ចែករំលែក៖