ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី

ចែករំលែក៖

កោះបាលី ៖ នាថ្ងៃអាទិត្យ និងថ្ងៃចន្ទ ទី៦-៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២២ លោក  ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។  

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៖

 (១) ពិនិត្យការអនុវត្តផែនការយុទ្ធសាស្រ្តដឹកជញ្ជូន កូឡាឡុំពូរ ២០១៦-២០២៥ (Kuala Lumpur Transport Strategic Plan 2016-2025, KLTSP-2025), 

 (២) កំណត់ទិសដៅ និងផែនការសកម្មភាពសម្រាប់ការអនុវត្តផែនការ KLTSP-2025 នៅក្នុងឆ្នាំ២០២៣ និង (៣) ពិនិត្យ សម្រេចលើរបាយការណ៍នៃកិច្ចប្រជុំ ឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥៤ ដែលទើបបញ្ចប់ថ្មីៗ។

កិច្ចប្រជុំពេញអង្គនៃរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៨នេះ បានពិភាក្សាលើចំណុច ខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនៅគ្រប់វិស័យដឹកជញ្ជូនទាំងអស់រួមមាន៖ (១) ការដឹកជញ្ជូនផ្លូវអាកាស, (២) ការដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រ, (៣) ការដឹកជញ្ជូនផ្លូវគោក, (៤) ការសម្រប សម្រួលការដឹកជញ្ជូន និង (៥) ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។  

ជាមួយគ្នានោះ កិច្ចប្រជុំពេញអង្គនេះក៏នឹងត្រៀមពិភាក្សាផងដែរអំពីការងារដែលត្រូវអនុវត្តបន្ត ជាពិសេស កិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា នានាដូចជា៖ ជប៉ុន ចិន កូរ៉េ សហគមន៍អ៊ឺរ៉ុបជាដើម ក្នុងគោល បំណងស្វែងរកប្រភពថវិកា និងជំនួយបច្ចេកទេសដើម្បីភាពជោគជ័យក្នុងភារកិច្ច អនុវត្ត KLTSP-2025។

គួរកត់សំគាល់ថា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៨នេះ រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន ក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួនពីរ គឺ៖ (១) កិច្ចព្រមព្រៀងអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការរុករកនិងសង្រ្គោះ តាមផ្លូវអាកាសនិងផ្លូវសមុទ្រ (The ASEAN Agreement on Aeronautical and Maritime Search and Rescue Cooperation, SAR)និង (២) កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន (The ASEAN-EU Comprehensive Air Transport Agreement, AE CATA)៕

ដោយ : សហការី


ចែករំលែក៖