ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអឺរ៉ុបធ្វើបាតុកម្មដោយសារតែប្រាក់ចំណាយប្រចាំថ្ងៃកើនឡើងខ្ពស់

ចែករំលែក៖

ពលរដ្ឋនៅក្នុងតំបន់អឺរ៉ុបបានបង្ហាញការខកចិត្តយ៉ាងខ្លាំង ដោយសារតែការចំណាយប្រចាំថ្ងៃកើនឡើងខ្ពស់។ ទាំងនោះហើយបានធ្វើឱ្យពលរដ្ឋនាំគ្នាដង្ហែក្បួនបាតុកម្មទាមទារដំឡើងប្រាក់ខែ ទើបគ្រាប់គ្រាន់សម្រាប់ការចំណាយខ្ពស់។
បាតុកម្មបានរាលដាលដល់ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ទាមទារឱ្យរដ្ឋាភិបាលកែទម្រង់នយោបាយដើម្បីធ្វើឱ្យស្ថានភាពរស់នៅរបស់ពលរដ្ឋល្អប្រសើរឡើងវិញ ។ ក្រុមបាតុករក៏បានចាត់ទុកថា ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីគឺជាមូលហេតុបណ្តាលឱ្យអឺរ៉ុបប្រឈមបញ្ហាទាំងអស់នេះ។
ចំណែកពលរដ្ឋនៅក្នុងប្រទេសអេស្ប៉ាញ អាល្លឺម៉ង់ បារាំង… វិញនាំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំង នឹងអតិផរណាកើនឡើងខ្ពស់។ នៅក្នុងប្រទេសបារាំង បាតុកររាប់ម៉ឺននាក់បានដើរដង្ហែក្បួនក្នុងទីក្រុងប៉ារីស ដោយបន្ថែមការប្រឆាំងនិងមានកំហឹងកាន់តែខ្លាំងឡើងអំពីបញ្ហាអតិផរណា ដោយបានឈានចូលដល់៣សប្តាហ៍ហើយនៃកូដកម្ម នៅរោងចក្រចម្រាញ់ប្រេងដែលបណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈ នៅទូទាំងប្រទេសបារាំង។
បាតុកម្មប្រឆាំងនឹងការកើនឡើងតម្លៃក្នុងសង្គមកាលពីថ្ងៃអាទិត្យត្រូវបានអំពាវនាវដោយគណបក្សប្រឆាំងឆ្វេងនិយម France Unbowed ដឹកនាំដោយប្រធានគណបក្ស គឺ លោក ហ្សង់ លុច មេឡុងឆុន ( Jean-Luc Melenchon)។ វាជាការបង្ហាញកំហឹងប្រឆាំងនឹងផលរំខានដែលបង្កការឡើងថ្លៃចំណាយ និងបង្កើនសម្ពាធលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង ។
ក្រុមអ្នករៀបចំបាតុកម្មបានហៅសកម្មភាពនេះថាជា «ការដើរដង្ហែប្រឆាំងនឹងការកើនឡើងថ្លៃចំណាយ និងភាពអសកម្មចំពោះវិបត្តិអាកាសធាតុ»។ អ្នករៀបចំបាននិយាយថា មនុស្ស១៤០,០០០នាក់ បានចូលរួមការជួបជុំកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ខណៈដែលមុននេះប៉ូលិសព្យាករថាមានមនុស្សប្រហែល៣០.០០០នាក់ ចូលរួមប៉ុណ្ណោះ។
មានសហជីពបារាំងជាច្រើនប៉ុន្តែមិនទាំងអស់ទេ បានប្រកាសកំណត់យកទិវាជាតិនៃកូដកម្មនៅថ្ងៃអង្គារសប្តាហ៍នេះ ដែលរំពឹងថានឹងអាចប៉ះពាល់ដល់ការធ្វើចរាចណ៍តាមមធ្យោបាយសាធារណៈ និងការដឹកជញ្ជូននានា៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ REUTERS

​រូប​ថត​ ៖ AP


ចែករំលែក៖