ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយ និងលក់ឱសថបុរាណ ចំនួន២មុខ គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល Insta: 9. Eurocare Box-10 Blisters x 10 Softcaps, U. 9. Eurocare FOET Box-10 Blisters x 10 Softcaps, មានរចនាប័ទ្មស្រដៀងនឹងឱសថបុរាណមានលេខបញ្ជិកាដែលចែកចាយដោយក្រុមហ៊ុន Mega Lifesciences Pty.limited.។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រ បញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ ក្រុមហ៊ុន ឱសថ ២-ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំរូភ្ជាប់មកជាមួយ។
ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ទិញ និងប្រើប្រាស់ឱសថបុរាណ ដែលគ្មានលេខបញ្ជិកាខាងលើជាបន្តទៀត ព្រោះឱសថបុរាណទាំងនេះមិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធ ភាពបានឡើយ ហើយអាចជាឱសថបុរាណក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ និងលក់ឱសថបុរាណគ្មានលេខបញ្ជិកាខាងលើ រួមទាំងជន ពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ និងលក់ឱសថបុរាណខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ និងលក់ឱសថបុរាណគ្មានលេខបញ្ជិកា និងជនពាក់ព័ន្ធដទៃទៀត ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថបុរាណជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ និងលក់ឱសថបុរាណដែលគ្មានលេខបញ្ជិកា សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន និងត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦,០១៧ ៨៦៦ ៧៦០ ៕
ដោយ : សិលា