ខេត្តប៉ៃលិន ៖ តាមប្រភពព័ត៌មានពីអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា កាលពីវេលាម៉ោង២១និង៤៤នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ កម្លាំងផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិនបានល្បាតចល័តក្នុងភូមិសាស្ត្រ រហូតដល់ចំណុចផ្លូវកែងមន្ទីរបក្សខេត្តប៉ៃលិន ក្នុងភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ប្រទះឃើញជនសង្ស័យម្នាក់ដែលទើបចេញពីពន្ធនាគារក៏បានសួរនាំនិងឱ្យទាញយកសម្ភារពីក្នុងហោប៉ៅខោដោយខ្លួនឯងចេញមក ឃើញមានដែកខ្វែង(សម្រាប់កាច់កសោម៉ូតូ) ដែកលួសសម្រាប់ឆ្កឹះ រួមទាំងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ក្រោយមកកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីធ្វើការសាកសួរមានឈ្មោះដូចខាងក្រោម:
ជនសង្ស័យឈ្មោះ ប៉យ ពិសិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ជាជនទើបចេញពីពន្ធនាគារ ខេត្តប៉ៃលិន រយៈពេល១០ខែក្នុងករណីលួច)។
ប្រភពបានបន្តថា ក្រោយពីសមត្តកិច្ចជំនាញបានសាកសួរ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលឃើញថាជនសង្ស័យមានផ្ទុកសារធាតុញៀន។
វត្ថុតាងដកហូត៖
១-ដែកខ្វែង(សម្រាប់កាច់កសោម៉ូតូ)
២-ដែកលួសសម្រាប់ឆ្កឹះ
៣-សម្ភារសម្រាប់ជក់ថ្នាំញៀនមួយចំនួន។
ករណីខាងលើនេះ សូមគោរពស្នើសុំយោបល់ពីលោក ស្នងការ ដើម្បីឃាត់ខ្លួនជនសង្ស័យខាងលើនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន អនុវត្តនីតិវិធី។
ដោយ៖ ស សារ៉េត